• Cambodia Peace Channel

Salah ជួយ Liverpool ឈ្នះ Champions League ខណៈដែល​កំពុងបួស​តមអាហារ​

អេស្ប៉ាញ៖ពិភពលោកទាំងមូលពិតជាបានស្គាល់យ៉ាងច្បាស់នូវកីឡាករ​ឈ្មោះ Muhammed Salah ដែលជាខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិអេហ្សុីប និងហង្សក្រហម Liverpool ដែលទើបតែបានទទួលស្បែកជើងមាសក្របខណ្ឌ Premiere League ថ្មីៗនេះ។

ខ្សែប្រយុទ្ធរបស់ហង្សក្រហម Muhammed Salah ជាបុគ្គលកាន់សាសនាឥស្លាមមួយរូបដែលតាំងតែអនុវត្តសាសនាបានយ៉ាងខ្ជាប់ខ្ជួន ពោលបើតាមការចុះផ្សាយនៅលើគេហទំព័រ the Islamic information មានចំណងជើងថា​ “កីឡាករ Muhammed Salah បានបួសតបអាហារ អំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប Champions League”​ ។

បើតាមការមើលទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះនៃវគ្គផ្តាច់ព្រ័ត្រយប់មិញ Salah បានបង្ហាញទម្រង់លេងយ៉ាងល្អ ទោះបីជាគេបួសតមអាហារ និងមានការធ្លាក់ចុះនៃកម្លាំងបន្តិចក្តី ប៉ុន្តែរូបគេបានដឹកនាំក្រុមទាំងមូលលេងយ៉ាងល្អ នឹងក្លាយជាម្ចាស់ជើងឯក Champions League រដូវកាល​ ២០១៩ ក្រោយលត់មាន់ខ្នាយមាស Spur ក្នុងលទ្ធផល ២ទល់នឹង០។

ក្រៅពី Muhàmmed Salah នៅមាន​ Sadio Mane​ ផងដែរ​ ដែលត្រូវបានគេរាយការណ៍ថា បួសតមអាហារដូចគ្នា នៅក្នុងខែរ៉ម៉ាឌនដែលជាកាតព្វកិច្ចរបស់អ្នកកាន់សាសនាឥស្លាម។ នេះជាទង្វើមួយដ៏គួរឲ្យកោតសរសើរបំផុត ដែលពួកគេត្រូវបំពេញនាទីជួយក្លិបហង្សក្រហមលើកពានក្របខណ្ឌ Champions League ហើយ​ ថែមទាំង​ត្រូវបំពេញកាតព្វកិច្ចសាសនាទៀត។

សូមជម្រាបថា ខ្សែប្រយុទ្ធឆ្នើម Muhammed Salah រកបានមួយគ្រាប់នៅនាទីទី២ ខណៈដែល Divock Origi រកបានគ្រាប់ទី២ ជួយហង្សក្រហម Liverpool ឈ្នះពានអឺរ៉ុប Champions League ជាលើកទី៦៕

ដោយ៖ស្រុីប ឡានី