• Cambodia Peace Channel

Liverpool បើកភ្លើងខៀវ ស្វាគមន៍ Philippe Coutinho បើសិនចង់ត្រឡប់មកវិញ!

អង់គ្លេស៖គេហទំព័រ Mirror ចុះផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ម្សិលមិញ ដោយដាក់ចំណងជើងថា ហង្សក្រហម Liverpool បើកទ្វាររង់ចាំទទួល Philippe Coutinho ត្រឡប់មកវិញ បន្ទាប់ពីរូបគេបានបដិសេធនឹងការផ្ទេរទៅក្លិបបិសាចក្រហម Manchester United។

ខ្សែបម្រើកណ្តាលរបស់ក្លិបអ្នកមានបុណ្យ FC Barcelona កំពុងរងសម្ពាធយ៉ាងខ្លាំង បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងហាក់ដូចមិនសូវល្អសោះ កាលពីប៉ុន្មានប្រកួតចុងក្រោយរដូវកាល ២០១៨-២០១៩ ក្រោយមិនអាចជួយក្លិប Barcelona ឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ទ្វីបអឺរ៉ុប ក្រោយចាញ់ ហង្សក្រហមយ៉ាងអាម៉ាស។

ខ្សែបម្រើជម្រើសជាតិប្រេស៊ីលរូបនេះ បានស៊ូទ្រាំនឹងសម្ពាធនេះយ៉ាងខ្លាំង ហើយកីឡាកររូបនេះ ក៏មានបំណងចាកចេញពីទឹកដីអេស្ប៉ាញ ដោយមានក្លិបធំៗជាច្រើនចង់បានខ្សែបម្រើរូបនេះ រួមមានទាំងក្រុមបិសាចក្រហម Manchester United ផងដែរ ដែលចង់បានរូបគេ ប៉ុន្តែត្រូវបានរូបគេបដិសេធ ហើយអតីតក្លិបរបស់គេ ហង្សក្រហមនឹងបើកទ្វារទទួលស្វាគមន៍ បើសិនជារូបគេចង់វិលត្រឡប់មកវិញ។

សូមជម្រាបថា អតីតខ្សែបម្រើកណ្តាលហង្សក្រហម Liverpool កីឡាករ Philippe Coutinho បានផ្ទេរទៅលេងនៅក្លិប FC Barcelona កាលពីខែ មករា ឆ្នាំ២០១៨ កន្លងទៅ ក្នុងតម្លៃខ្លួន ១៤២លានផោន៕ ដោយ៖ស្រ៊ីប ឡានី