• Cambodia Peace Channel

ក្រោយបើកភ្លើងខៀវពីលោកត្រាំ Huawei កំពុងរង់ចាំចម្លើយពី Google ដើម្បីបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android

ប៉េកាំង៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងរង់ចាំការណែនាំពីក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកថាតើអាចបន្តប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ Google នៅលើស្មាតហ្វូនបានដែរឬទេ?។

បើតាមសារព័ត៌មាន Sputnik ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននិយាយដូច្នេះ ក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃ សៅរ៍ បាននិយាយថា បើមិន គំរាមកំហែងដល់សន្តិសុខជាតិអាមេរិកទេនោះ លោកនឹង អនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក លក់ឧបករណ៍ របស់ខ្លួនទៅឱ្យក្រុមហ៊ុនបច្ចេក វិទ្យាចិន Huawei ដោយបន្ថែមថាសហរដ្ឋអាមេរិក និងចិនកំពុងពិភាក្សា អំពីលទ្ធភាពទម្លាក់ចោលនូវការ ហាមឃាត់នានារបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុនចិន។

គួររម្លឹកដែរថា រដ្ឋបាលលោកត្រាំ កាលពីខែឧសភាកន្លងទៅបានហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យនាំចូលឧបករណ៍ផ្នែករឹងរបស់ស្មាត ហ្វូនពីអាមេរិកទៅកាន់ប្រទេសចិន ចំពេលដែលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាលទ្ធផលក្រុមហ៊ុន Google បានផ្អាក ប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុន Huawei រួមទាំងការផ្ទេរផ្នែករឹង កម្មវិធី និងសេវាកម្មបច្ចេកទេស លើកលែងតែការផ្តល់អាជ្ញាប័ណ្ណ បើកចំហរជាសាធារណៈ។

ក្រុមហ៊ុនយក្សចិនមួយនេះ ត្រូវបានចោទប្រកាន់ពីសហរដ្ឋអាមេរិកដោយបានឧបត្ថម្ភគាំទ្ររដ្ឋាភិបាលចិន ដើម្បីធ្វើចារកម្មតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន៕ ដោយ៖ស្រេន ឡាវី