• Cambodia Peace Channel

អស្ចារ្យណាស់ ! ក្រុមហ៊ុន Google ទិញភាគហ៊ុន ២,១ពាន់លានដុល្លារ ពីក្រុមហ៊ុន Fitbit ដើម្បីនាំយកឧបករណ៍តាមដានសុខភាពទៅបំពាក់លើផលិតផលរបស់ខ្លួន

អាមេរិក៖ក្រុមហ៊ុន Google បានទិញភាគហ៊ុនដែលមានតម្លៃ ២,១ពាន់លានដុល្លារ ពីក្រុមហ៊ុន Fitbit ដើម្បីនាំយកឧបករណ៍តាមដានសុខភាពទៅបំពាក់លើផលិតផលរបស់ខ្លួន ។ នេះបើតាម Tech2 ផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា នេះ ។

លោក James Park សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Fitbit បានឱ្យដឹងថា ក្រុមហ៊ុន Google បានចំណាយ ៧,៣៥ដុល្លារក្នុងមួយហ៊ុនជាសាច់ប្រាក់ សម្រាប់កិច្ចព្រមព្រៀងនេះ ។

ចំណែកលោក Rick Osterloh អនុប្រធានជាន់ខ្ពស់ផ្នែកឧបករណ៍និងសេវាកម្មរបស់ក្រុមហ៊ុន Google បាននិយាយថា យើងកំពុងទន្ទឹងរងចាំធ្វើការជាមួយទេពកោសល្យមិនគួរឱ្យជឿរបស់ Fitbit និងនាំយកនូវ Hardware , Software និង AI ជាដើម ដើម្បីបង្កើតឧបករណ៍ពាក់ ដែលជួយមនុស្សកាន់តែច្រើននៅជុំវិញពិភពលោក ។

គួរជម្រាបថា តាមរយៈកិច្ចព្រមព្រៀងនេះ គេរំពឹងថា ក្រុមហ៊ុន Google នឹងអាចយកឧបករណ៍តាមដានសុខភាពទៅបំពាក់លើ Pixel smartwatch របស់ខ្លួន នៅឆ្នាំក្រោយនេះ ។ ហើយការធ្វើសមាហរណកម្មនេះ វានឹងល្អប្រសើរជាមួយស្មាតហ្វូនដោយប្រើកម្មវិធី Google Fit ផងដែរ ៕