• Cambodia Peace Channel

វីរៈភាព! ព្រះមហាក្សត្រម៉ាឡេស៊ីទទួលបានការកោតសរសើរពីប្រជារាស្ត្រ ក្រោយបញ្ចប់វិបត្តិនយោបាយ

កូឡាឡាំពួរ៖វិបត្តិនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីមួយសប្តាហ៍កន្លងទៅ បានបង្ហាញពីគតិបណ្ឌិត និងក្តីកង្វល់យ៉ាងពន់ពេករបស់ព្រះមាហាក្សត្រ និងមហាក្សត្រយានី នៃប្រទេសម៉ាឡេស៊ី ព្រះអង្គម្ចាស់ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah និង Tunku Azizah Aminah Maimunah Iskandariah។ នេះបើតាមការចុះផ្សាយដោយគេហទំព័រ sinarharian នាថ្ងៃទី២ ខែមីនា នេះ។

ព្រះអង្គមិនបានពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាលប្រទេស ថែមទាំងយកចិត្តទុកដាក់ដល់សុខទុក្ខប្រជារាស្ត្រថែមទៀតផង។ នៅលើបណ្តាញសង្គមវិញ រូបថតនិងវីដេអូរបស់ព្រះមហាក្សត្រ ត្រូវបានគេឃើញវត្តមានរបស់ទ្រង់យាងទត សួរសុខទុក្ខជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះទុរភិតហើយទ្រង់តែងតែមានព្រះទ័យព្រួយបារម្ភនៅពេលមានគ្រោះមហន្តរាយកើតឡើងម្តងៗ។

ថ្មីៗនេះ ដើម្បីដោះស្រាយវិបត្តិនយោបាយ ក្រោយនាយករដ្ឋមន្ត្រីលោកបណ្ឌិត មហាធៀរ មហាម៉ាត់ ថ្វាយលិខិតមួយច្បាប់ជូនព្រះមហាក្សត្រលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ព្រះអង្គបានចំណាយពេលពីរថ្ងៃ ដើម្បីអញ្ជើញសមាជិកសភាទាំង ២២២នាក់ ដើម្បីស្តាប់ទស្សនៈរបស់ពួកគេ ក្នុងការជ្រើសរើសនាយករដ្ខមន្ត្រីថ្មី មុនពេលធ្វើការសម្រេចចិត្តណាមួយ នេះជាមហាវីរៈភាពរបស់ទ្រង់ដែលតែងតែស្តាប់ទស្សនៈមន្ត្រីរបស់ទ្រង់មុននឹងសម្រេចចិត្ត ពិសេសបញ្ហាប្រទេសជាតិតែម្តង។

ជាមួយគ្នានោះដែរ ក្នុងអំឡុងពេលដែលក្រុមអ្នកសារព៍ត៌មានកំពុងចុះផ្តិតយកព័ត៌មាននៅមុខព្រះបរមរាជវាំងផងនោះ ព្រះអង្គបានចែកអាហារដល់អ្នកសារព័ត៌មានដោយផ្ទាល់កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ នៅព្រឹកបន្ទាប់ពីព្រះអង្គបានរៀបចំការដឹកជញ្ជូនអាហារពេលព្រឹកនៅមុខព្រះបរមរាជវាំង ទ្រង់ថែមទាំងចំណាយពេល ២-៣នាទី មានបន្ទូលជាមួយអ្នកយកព័ត៌មាន ខណៈពេលកំពុងញាំអាហារផងដែរ។

សូមជម្រាបថា ការលាលែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកបណ្ឌិត មហាធៀរ មហាម៉ាត់ បានធ្វើឱ្យម៉ាឡេស៊ីបានធ្លាក់ចូលក្នុងវិបត្តិនយោបាយ ក្រោយមកបានជ្រើសរើសអតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហៃយីឌីន យ៉ាស៊ីន ជានាយករដ្ឋមន្ត្រីទី៨ របស់ម៉ាឡេស៊ី បន្ទាប់ពីព្រះមហាក្សត្របានជួបជាមួយសមាជិកសភាម៉ាឡេស៊ីទាំងអស់ ហើយសមាជិកសភាភាគច្រើនគាំទ្រលោកជានាយករដ្ឋមន្ត្រីផងដែរ៕