• Cambodia Peace Channel

CPC-ពិតជារឿងហួសចិត្តបំផុត ខណៈដែលកីឡាករថៃសន្លប់ក្នុងទឹកទី២ ធ្វើឲ្យគ្រូបង្វឹកថៃមិនអស់ចិត្ត សុំឆែកបង់រុំដៃរបស់កីឡាករកម្ពុជាដល់បន្ទប់

ភ្នំពេញ៖ មហាជនបានសម្តែងការហួសចិត្ត បន្ទាប់ពីឃ្លឹបវីឌីអូមួយត្រូវបានគេចែកចាយពេញបណ្តាញសង្គម នូវកម្មភាពរបស់គ្រូបង្វឹកកីឡាករប្រដាល់ថៃ បានមកសុំឆែកបង់រុំដៃរបស់កីឡាករកម្ពុជាដល់ក្នុងបន្ទប់ បន្ទាប់ពីកីឡាករសូដា សូរសែន បានផ្ដួលណុប គ្រាជីប ឲ្យសន្លប់ក្នុងទឹកទី២។

យោងតាមវីឌីអូឃ្លីបប៉ុន្មាននាទីដែលបានបង្ហាញពីសកម្មភាពដ៏គួរឲ្យអស់សំណើច និងហួសចិត្តបំផុតកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ដែលគ្រូបង្វឹកថៃចាញ់ទាំងមិនអស់ចិត្ត នឹងមិនជឿថាកណ្តាប់ដៃរបស់កីឡាករកម្ពុជាធ្ងន់ដ៏ម្លឹង ខណៈដែលគិតថាកីឡាករកម្ពុជាប្រាកដជាបង្កប់អ្វីនៅក្នុងបង់រុំដៃជាក់ជាមិនខាន បានជាមកសុំឆែកបែបនេះ ដោយប្រើពាក្យបែបលួងលោមថា “ឲ្យអស់ចិត្តទាំងអស់គ្នា”។

អ្នកស្នេហាគុនខ្មែរជាច្រើន បានចាត់ទុកថានេះជាសកម្មភាពដែលមិនទុកមុខឲ្យកម្ពុជា ខណៈដែលកម្ពុជាជាម្ចាស់កីឡាគុនខ្មែរ មានធនធានល្អៗជាច្រើន ប៉ុន្តែគ្រូបង្វឹកថៃរូបនេះបែរជាមិនឲ្យតម្លៃ ថែមទាំងគិតថាកីឡាករកម្ពុជា ឈ្នះទាំងប្រើល្បិចទៅវិញ លុះពេលឆែកអត់ឃើញអ្វី បែរជាមកពោលពាក្យថា “មកពីរុំដៃប្រើបង់ក្រាស់ពេកទៅវិញ” ការពោលបែបនេះ មានន័យថានៅតែមិនអស់ចិត្តដដែល។

ជាទូទៅមុនការប្រកួត គណៈវិនិច្ឆ័យ ពិសេសអាជ្ញាកណ្តាលតែងតែពិនិត្យលក្ខណៈបច្ចេកទេសរបស់កីឡាករទាំងសងខាងរួចហើយ មុនចាប់ផ្តើមប្រកួត ដូចនេះក្នុងករណីមានការប្រកួតបែបអន្តរជាតិបែបនេះនៅលើកក្រោយ ដើម្បីជៀសវាងការមិនទុកចិត្តគ្នា ឬឲ្យអស់ចិត្តទាំងអស់គ្នា គួរគម្បីមានគណៈកម្មាពិនិត្យដែលមានសមាភាពមកពីប្រទេសសាម៉ីដែលបញ្ជូនកីឡាករខ្លួនមក ចូលមកពិនិត្យទាំងអស់គ្នា ដើម្បីជៀសវាង ការប្រកួតចាញ់មិនអស់ចិត្ត ហើយមកសុំឆែកកីឡាករតាមក្រោយបែបនេះ គឺមិនសមរម្យជាទីបំផុត៕