• Cambodia Peace Channel

CPC-ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ៖ ប្រសិនក្រុមជម្រើសជាតិ មិនអាចឆ្លងផុតដល់វគ្គកណ្តាលផ្តាច់ព្រាត់ទេ នោះលោកនឹងលាលែងពីតំណែងភ្លាមៗ

ភ្នំពេញ៖ បន្ទាប់ពីក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងជំនួបជាមួយក្រុមជម្រើសជាតិហ្វីលីពីន ក្រោមលទ្ធផល១ស្មើហើយនោះ មហាជនហាក់មានការភ្ញាក់ផ្អើលទៅនឹងខ្លឹមសារ នៃការបង្ហោះតាមបណ្តាញសង្គមរបស់ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។

យោងតាមគណនីហ្វេសប៊ុករបស់ លោក សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ដែលមានខ្លឹមសារទាំងស្រុងសថា៖

“កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយះវិស័យកីឡាបាល់ទាត់។ បើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនអាចឆ្លងផុតដើម្បីឈានទៅបន្តការប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា”។

បន្ថែមពីនេះ លោក សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក៏បានសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ទាំងអស់មេត្តាអភ័យទោស ដល់រូបលោក ដែលអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិផងដែរ៕