• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-កូនក្តាមសេះអាយុ២០ថ្ងៃ ចំនួន៥០ម៉ឺនកូន ត្រូវបានលែងចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក

ព្រះសីហនុ៖ឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីលែងកូនក្តាមសេះអាយុ២០ថ្ងៃ ចំនួន៥០ម៉ឺនកូន ចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
ពិធីលែងកូនក្តាមសេះនេះ រៀបចំឡើងដោយ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និងបង្កើនផល ស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។ បន្ទាប់ក្តាមសេះញីដែលមានពងខាងក្រៅ ត្រូវបានយកមកថែរក្សា និងភ្ញាស់រួចបំប៉នឲ្យក្លាយជាកូនក្តាមសេះនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល។
ក្នុងដំណើរបេសសកម្មនេះ ក៍មានការអញ្ជើញចូលរួម អមដំណើរដោយ លោកអភិបាលរង និងមេឃុំទាំង៣ នៅក្នុងស្រុកស្ទឹងហាវ មន្រ្តីជំនាញរដ្ឋបាលជលផលខេត្តព្រះសីហនុ តំណាងសហគមន៍វារីវប្បកម្ម និងតំណាងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ(WEA) ៕