• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងសាធារណការ បានធ្វើបច្ចុប្បន្នភាពផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងជំរុញការបំពាក់ឧបករណ៍សុវត្ថិភាពនៅតាមទីតាំងផ្លូវឆ្លងកាត់ ដើម្បីធានាសុវត្ថិភាពជូនពលរដ្ឋ

​ភ្នំពេញ៖ដោយទទួលបានការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញរបស់នាយកដ្ឋានផ្លូវដែក និងក្រុមហ៊ុន រូយ៉ាល់ រេលវេ និងអង្គភាពពាក់ព័ន្ធ បានចុះធ្វើបច្ចុប្បន្នភាព ផ្លូវឆ្លងកាត់ផ្លូវរថភ្លើង និងផ្លាកសញ្ញាចរាចរណ៍ តាមផ្លូវរថភ្លើងនាថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤  ។
ការធ្វើបច្ចុប្បន្នភាពនេះ ត្រូវបានចាប់ផ្តើមចេញពីស្ថានីយរថភ្លើងភ្នំពេញ(Pk0+000) ឆ្ពោះទៅកាន់ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមបណ្តោយផ្លូវរថភ្លើងទិសខាងជើង។

ជាមួយគ្នានេះផងដែរ ក្រសួងស្នើសុំប្រជាពលរដ្ឋចូលរួមអនុវត្តជាចាំបាច់នូវវិធានសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

1.ត្រូវគោរពសិទ្ធិអាទិភាពនៃចរាចរណ៍ខ្សែរថភ្លើងគ្រប់ពេលវេលា មុននឹងធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង
2.ត្រូវពិនិត្យមើលផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងស្តាប់សំឡេងស៊ីរ៉ែនរបស់ឧបករណ៍ការពារសុវត្ថិភាពស្វ័យប្រវត្តិ សំឡេងស៊ីផ្លេរបស់រថភ្លើងឱ្យប្រុងប្រយ័ត្ន មុននឹងឆ្លងកាត់ផ្លូវរថភ្លើង
3.ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ឆ្មាំរបាររថភ្លើង រាល់ពេលឆ្លងកាត់ផ្លូវរថភ្លើង
4.ត្រូវស្ថិតនៅ ឬ ឈប់នៅ ខាងក្រៅរបារសុវត្ថិភាព រាល់ពេលមានខ្សែរថភ្លើងឆ្លងកាត់ផ្លូវ។