• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អគ្គិភ័យលេបត្របាក់ ស្ថានីយប្រេងឥន្ធនៈមួយកន្លែងអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី

សៀមរាប ៖ ករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះស្ថានីយប្រេងឥន្ធនៈ និងកន្លែងលក់គ្រឿងទេស និងភេសជ្ជៈ មួយកន្លែងឈ្មោះ ចិនខ្មៅ ដែលស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ម្ចាស់ទីតាំងឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ អាជីវករ និងប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការងារ នៅប្រទេសញូហ្សែឡែន កាលពីថ្ងៃអង្គារទី០២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩និង២០នាទី ។

ក្នុងករណីអគ្គិភ័យនេះ បានបណ្តាលឲ្យរងរបួសស្រាលមនុស្ស ០១នាក់ ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុខាងលើ ខូចខាតស្ថានីយនិងប្រេងឥន្ធនៈ គ្រឿងទេសនិងភេសជ្ជៈ ដែលតាំងលក់និងនៅក្នុងឃ្លាំងទាំងស្រុង ហើយអគ្គិភ័យបានបន្តឆ្លងឆាបឆេះទៅផ្ទះជាប់គ្នា ម្ចាស់ផ្ទះឈ្មោះ ឡុច លន ភេទប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ(តិចតួច) និងរោលជញ្ជាំងថ្មខូចខាតមួយចំហៀងផ្ទះ។

ក្រោយទទួលបានព័ត៌មានពីករណីអគ្គិភ័យខាងលើ កម្លាំង​ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាន​​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​សរុបចំនួន ០៨គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០៤គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកពួកចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ចំនួន ០១គ្រឿង រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអង្គភាពនគរបាលការពារបេតិកភ័ណ្ឌចំនួន ០១គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន ២៩រថយន្ត ទើបអាចគ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន​។

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឲ្យកើតមានអគ្គិភ័យកើតឡើងដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម។ និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ☎️ 078 773 774, 012 756 465, 070 344 766 ៕