• Cambodia Peace Channel

ក្លិបណាហ្គាវើល បរាជ័យជាលើកទី២ ក្នុងពានរង្វាន់ AFC Cup2019

ភ្នំពេញ៖ក្លិបណាហ្គាវើល បើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Tampines Rovers សម្រាប់ប្រកួតទី៣ នៃព្រឹត្តិការណ៍ពានរង្វាន់ក្លិបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup2019។

ក្រុមភ្ញៀវ Tampines Rovers បានបំបាក់ម្ចាស់ផ្ទះយ៉ាងចាស់ដៃ ក្នុងលទ្ធផល៥ទល់នឹង១ នៅលើវាលស្មៅសិប្បនិមិត្តនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ណាហ្គាវើល មានឱកាសនាំមុខ ភ្ញៀវមួយគ្រាប់មុនទៅហើយដោយកីឡា គួច ដានី នៅនាទី២៤។ តែក្រុមភ្ញៀវ Tampines Rovers បន្តដាក់ សម្ពាធ នឹងវាយបកវិញ យ៉ាងចាស់ដៃតែម្តង ដែលលទ្ធផលនេះ ណាហ្គាវើលនៅតែបន្តចាញ់និងរបូតគ្រាប់បាល់ច្រើន ក្រោយយកឈ្នះក្រុម Yangon United FC មកពីមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់នឹង១ប៉ុណ្ណោះ។

មុនការប្រកួតជាមួយ Tampines Rovers លោក មាស ចាន់ណា គ្រូបង្គោលណាហ្គាវើល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមលោកនឹងខឹតខំឱ្យអស់ពីសមត្ថភាព ក្នុងឋានៈជាម្ចាស់ផ្ទះ។

លោកបន្តថា កីឡដ្ឋានជាតិអូឡាំពិកនេះ គឺជាទឹកដីនាំសំណាងដែលក្រុមលោកធ្លាប់មានបទពិសោធន៍ជោកជាំនៅទីលាននេះ។

តែជាអកុសល លទ្ធផលមិនដូចការរំពឹងទុក ធ្វើឱ្យក្រុមភ្ញៀវបំបាក់ម្ចាស់ផ្ទះ ណាហ្គាវើលយ៉ាងទក់សាច់តែម្តង។

គួរ រំលឹក ថា ណាហ្គាវើលធ្លាប់ចាញ់ ក្លិប Hanoi FC វៀតណាម ក្រៅទឹកដី នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup2019 នៅប្រទេសវៀតណាមក្នុងលទ្ធផល១០ទល់នឹង០៕

ដោយ៖ស្រ៊ីប ឡានី