• Cambodia Peace Channel

ពិតជាសរសើរមែន ! ដើម្បីការរីកចម្រើនវិស័យកីឡាបាល់ទាត់ អ្នកគាំទ្រក្លិបបាល់ទាត់កំពង់ចាម វេចខ្ចប់បាយ មកមើលការប្រកួត

ត្បូងឃ្មុំ៖អ្នកគាំទ្រក្លិបបាល់ទាត់ខេត្តកំពង់ចាម និងអ្នកខេត្តមណ្ឌលគិរីជួលរថយន្ត មកទស្សនាការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា Metfone Cambodian League2019 រវាងក្លិបបាល់ទាត់ខេត្តកំពង់ចាម និង ក្លិបអង្គរថាយហ្គឺរ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់។

លោក ទីន វ៉ាន់ឡែន អ្នកគាំទ្រក្លិបបាល់ទាត់ខេត្តកំពង់ចាម បានលើកឡើងថា ឧស្សាហ៍ណាស់ ដល់ភ្នំពេញក៏ទៅដែរ។ ពួកខ្ញុំមកហ្នឹង ក្នុងឡានមួយគ្រឿងអស់ជាង ២០ម៊ឺន លុយខ្លួនឯងទាំងអស់។ ជួនកាលហូបបាយហាងអញ្ចឹងទៅ បើម្ង៉ៃវិលល្ងាច ដាក់បាយមក។ យើងឃើញបាល់ទាត់ខ្មែររីកចម្រើន។ ក្រុមអីក៏គាំទ្រដែរ តែបើជាអ្នកគាំទ្រតែម្តង គឺកំពង់ចាម។

លោកបន្តថា ការធ្វើដំណើរពីខេត្តកំណើតនេះ ត្រូវចំណាយរថយន្តដល់ទៅ ៥គ្រឿង ដោយក្នុងមួយគ្រឿងមានតម្លៃ ២០ម៊ឺនរៀល ដែលបានពីការចូលរួមជាសោហ៊ុយពីអ្នកស្រុក ពោលគឺពុំមានភាគីណាមួយ ជួយឧបត្ថម្ភឡើយ។ ហើយសមាជិកទាំងអស់ក៏ត្រូវវេចខ្ចប់អាហារទុកបរិភោគដល់ទីលានទៀតផង។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

សូមកោតសរសើរដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសក្លិបបាល់ទាត់កំពង់ចាម ដែលទើបជាប់ឈ្មោះមកលេងនៅក្របខណ្ឌលីគកំពូលកម្ពុជា ប៉ុន្តែមានអ្នកគាំទ្រស្ម័គ្រសោះបែបនេះ។

សូមចូលរួមគាំទ្រកីឡាករបាល់ទាត់កម្ពុជា ដោយការចូលរួមទស្សនារាល់ការប្រកួត ជាការលើកទឹកចិត្តដល់កីឡាករ និងជម្រុញវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសក្រុមជម្រើសជាតិ មានការរីកចម្រើន និងការអភិវឌ្ឍ៕

ដោយ៖ស្រ៊ីប ឡានី