• Cambodia Peace Channel

ញត្តិតវ៉ាទៅ UEFA ៖ សូមធ្វើការពិន័យ Messi មិនអោយចូលលេង នូវទង្វើមិនសមរម្យដាល់ចំក្បាលរបស់ Fabinho

អេស្ប៉ាញ៖ការប្រកួតយ៉ាងស្វិតស្វាញនៅលើកីឡដ្ឋាន Camp Nou រវាងក្លិប FC Barcelona និងក្លិប Liverpool ដែលក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ស្លាបហង្សក្រហម ៣ទល់នឹង០ ពេលនេះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក សម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់។

អ្នកគាំទ្រក្រុមហង្សក្រហម មានការមិនពេញចិត្តជាខ្លាំងនៅគ្រាប់ដែលអាជ្ញាកណ្តាលផ្តល់បាល់ហ្វ្រីឃីតអោយក្រុមអ្នកមានបុណ្យ ពោលជាគ្រាប់បាល់ដែល Lionel Messi ទាត់ហ្វ្រីឃីតយ៉ាងល្អឥតខ្ចោះ។

អ្នកគាំទ្រហង្សក្រហមបានមើលឃើញថា កំពូលកីឡាករលំដាប់ពិភពលោក Messi មានល្បិចកល ដាល់ចំក្បាល Fabinho ដើម្បីបានបាល់ពិន័យ ពិសេសតាមរយៈខ្សែអាត់វីឌីអូដែលចែកចាយពេញបណ្តាញហ្វេសប៊ុក រឹតតែបញ្ឆេះកំហឹងដល់អ្នកគាំទ្រ Liverpool ទៀត។

គេហទំព័រ Sportskeeda បានចុះផ្សាយថា អ្នកគាំទ្រហង្សក្រហម Liverpool នឹងរៀបចំញត្តិតវ៉ាទៅ UEFA ក្រោមចំណងជើងថា«សូមធ្វើការពិន័យ Messi មិនអោយចូលលេង ក្រោមទង្វើដាល់ចំក្បាលរបស់ Fabinho យ៉ាងច្បាស់ក្រឡែត»។

សូមជម្រាបថា ក្រៅពីការជជែកពីសកម្មភាព Messi រត់ដាល់ចំក្បាលខ្សែការពារ Fabinho ដើម្បីបានបាល់ពិន័យហើយនោះ ក៏នៅមានការមិនពេញចិត្តចំពោះខ្សែប្រយុទ្ធ Lionel Messi បានបង្ខិតបាល់ ដាក់មិនចំកន្លែងពិន័យ ដើម្បីទាត់ហ្វ្រីឃីតផងដែរ៕

ដោយ៖ស្រ៊ីប ឡានី