• Cambodia Peace Channel

កូនខ្មែរត្រូវដឹង ! តើប្រាសាទបន្ទាយឆ្មារ បុព្វបុរសខ្មែរកសាងឡើងដើម្បីអ្វី?

បន្ទាយមានជ័យ៖ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទបុរាណមួយដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព៤នាក់របស់ព្រះអង្គដែលបានពលីជីវិតនៅក្នុងសមរភូមិ កាលពីឆ្នាំ១១៧៧។

ប្រាសាទបន្ទាយឆ្មារ មានទីតាំងស្ថិតនៅក្នុងភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណជាង ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ គេបានរកឃើញថា នៅលើជញ្ជាំង ឬរបងខាងក្នុងទី១ ខាងក្រៅបន្ទាប់ពីរោងទង គឺគ្មានផ្ទាំងថ្ម មួយដុំណាដែលគ្មានចម្លាក់នោះទេ។

ក្រុមអ្នកជំនាញការ សាស្ត្រាចារ្យ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញ មានការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ឬថែវ ឬរបងទី១ ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលនេះ បានពិពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ។

ចម្លាក់សំខាន់ជាងគេនៅក្នុងប្រាសាទនេះ គឺរូបអវតាលោកេស្វរៈព្រហស្ត៣២ ជាពោធិសត្វ នៃព្រះពុទ្ធសាសនា អមដោយចម្លាក់រូបអវតា ព្រះហស្ត១៦ ដែលសល់តែ១រូប ត្បិតរូបចម្លាក់ដូចគ្នា នៅជ្រុងខាងត្បូងត្រូវ ជនទុច្ចរិតគាស់យកបាត់ គឺសល់តែរូបថតអនុស្សាវរីយ៍ប៉ុណ្ណោះ។

ចម្លាក់លើជញ្ជាំងនៅប្រាសាទបន្ទាយឆ្មារនេះ បង្ហាញអំពីការប្រយុទ្ធគ្នារវាងមនុស្សម្នាក់ និងមនុស្សមានក្បាលដូចយក្ស ដែលលោក G. Cœdès យល់ថា ជាសាច់រឿងនៃចម្លាក់នេះ ដែលមានការបកស្រាយនៅក្នុងសិលាចារឹកជាភាសាខ្មែរ K. 227។

សិលាចារឹកនោះ ក៏និយាយអំពីការប្រយុទ្ធគ្នារវាង ស្រិន្ទ្រកុមារ ឬរាជបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ជាមួយ ភារត រាហ៊ូ ដែលមានអ្នកការពារព្រះអង្គពីរនាក់សុខចិត្តលះបង់ជីវិតដើម្បីជួយព្រះអង្គ៕ ដោយ៖ស្រ៊ីប ឡានី