• Cambodia Peace Channel

ភ្ញាក់ផ្អើល ! លោក ហុក សុជីវ័ន ត្រូវបានបញ្ចប់កុងត្រានៅវិសាខា ទាំងពាក់កណ្តាលរដូវកាល

ភ្នំពេញ៖មុននេះបន្តិច ក្លិបបាល់ទាត់ វិសាខា បានចេញសេចក្តីជូនដំណឹងដល់អ្នកគាំទ្រ និងសាធារណជនដែលស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជា ថា ក្លិបបាល់ទាត់ វិសាខា បានសម្រេចបញ្ចប់កុងត្រាជាមួយលោក ហុក សុជីវ័ន ហើយនៅថ្ងៃទី៣ ខែកក្កដា នេះ។

ការបញ្ចប់កុងត្រារបស់គ្រូបង្វឹកក្លិបបាល់ទាត់ វិសាខា នេះ ធ្វើឡើងក្រោយបញ្ចប់ជើងទី១ នៃការប្រកួតដណ្តើមម្ចាស់ជើងឯកលីគកំពូលកម្ពុជា Metfone Cambodian League2019 ត្រឹមសប្តាហ៍ទី១៣ ដោយក្នុងនោះ វិសាខា បានចាញ់ ៣ប្រកួតជាប់ៗគ្នា ពោលគឺចាញ់ក្រសួងការពារជាតិ សប្តាហ៍ទី៩ ចាញ់ព្រះខ័នរាជាស្វាយរៀង សប្តាហ៍ទី១០ និងបន្តចាញ់អាសុីអឺរ៉ុប នៅសប្តាហ៍ទី១១ ក្រោមការដឹកនាំរបស់លោក ហុក សុជីវ័ន។

ជាមួយគ្នានោះដែរ ក្លិបបាល់ទាត់ វិសាខា ក៏បានសម្តែងរីករាយ និងអរគុណចំពោះគ្រូបង្វឹករូបនេះ ចំពោះការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់កីឡាករទាំងអស់កន្លងមក និងជូនពរឲ្យលោកទទួលជោគជ័យទៅថ្ងៃខាងមុខផងដែរ៕ ដោយ៖ស្រ៊ីប ឡានី