• Cambodia Peace Channel

ទោះឈ្នះ Salzburg តែ Liverpool នៅតែឈរលេខរៀងទី២ ក្នុង​Group E

អង់គ្លេស៖ការប្រកួតរវាងក្រុម Liverpool និងក្រុម Salzburg សម្រាប់​ការ​ប្រកួត​ទី​២​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ក្រុមហង្សក្រហមយកឈ្នះក្នុងលទ្ធផល ៤ទល់នឹង៣ ប៉ុន្តែ Liverpool ហាក់​ដូច​ជាមានការ​ធ្វេស​ប្រហែស​ច្រើន ខណៈ​ដែល​នាំ​មុខ​គេ​ដល់​ទៅ​៣​គ្រាប់​ទៅ​ហើយ បែរ​ជា​បណ្ដោយ​ឲ្យ​​គូប្រកួត​តាម​បាន​​ស្មើ​គ្នា ៣-៣ ​នៅ​ត្រឹម​នាទី​៦០។

ការធ្វេសប្រហែសនេះធ្វើឲ្យលោក Klopp ​មានអារម្មណ៍មិនពេញចិត្តឡើយចំពោះកូនក្រុម ទោះបីទទួលបាន ៣ពិន្ទុក្តី។ អ្នកចាត់ការរូបនេះថ្លែងថា “ខ្ញុំ​មិន​ខឹង​កីឡាករ​យើង​ទេ ប៉ុន្តែ​យើង​បាន​បាត់​ការ​គ្រប់គ្រង​បាល់។ យើង​លេង​ល្អ ប៉ុន្តែ​បែរ​ជា​មិន​អាច​លេង​តាមយុទ្ធសាស្ត្រ ​ដែល​មិន​អាច​គ្រប់គ្រង​ការ​ប្រកួត​មួយ​នេះ​បានល្អ។ កំហុស​របស់​យើង​គឺ​យើង​នាំ​មុខ​គេ​៣​គ្រាប់​ហើយ តែ​បែរ​ជា​ធ្វេសប្រហែសឲ្យ Salzburg ​រក​គ្រាប់​បាល់​តាម​ស្មើរវិញ”។

សូមជម្រាបថា ស្ថិតនៅក្នុង​Group E ​​ក្រុម Liverpool ​លេង​២​ប្រកួត​នៃពានរង្វាន់ UEFA Champions League នេះ ​ចាញ់​១​និង​ឈ្នះ​១ ​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ស្រប​ពេល​ក្រុម​លេខ​១​ Napoli ​មាន​៤​ពិន្ទុ ក្រោយស្មើជាមួយ​ក្រុម Genk ​ក្នុង​លទ្ធផល ០-០ កាលពីយប់មិញនេះ៕