• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-ក្រសួងវប្បធម៌ និងបង្កើតគណៈកម្មការ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ខណៈអ្នកនាងចន ច័ន្ទលក្ខិណា ប្រកាសមិនឈរឈ្មោះជាបេក្ខភាព

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំព្រះវិហារ នាទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិច្ចប្រជុំរៀបចំបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ និងមានការចូលរួមពីលោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងសមាសភាពដែលអញ្ជើញមកពីអង្គភាពពាក់ព័ន្ធមួយចំនួនទៀត បានពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ ដូចខាងក្រោម៖
១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត
២-ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។
៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

សូមជម្រាបជូនថា សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរក៏បានដើរតួនាទីដ៏សំខាន់មួយជាសេនាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ ។

ហើយនាពេលថ្មីៗនេះ លោកជំទាវ ចនចន្ទ័ លក្ខិណា ជាប្រធានសមាគមនៅក្នុងអាណត្តិក៏បានប្រកាសនឹងមិនឈរឈ្មោះជាបេក្ខភាពសំរាប់បោះឆ្នោតជ្រើសរើសជាប្រធានសមាគមនៅអាណត្តិបន្ទាប់ និងបានធ្វើលិខិតទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាស្ថាប័នអាណាព្យាបាលនូវវិស័យសិល្បៈគ្រប់ទម្រង់ ដើម្បីជួយចាត់តាំងនូវមន្ត្រីជំនាញសម្រាប់ជួយសម្របសម្រួលនូវយន្តការរៀបចំការបោះឆ្នោតនៅពេលខាងមុខឆាប់ៗ និង ដើម្បីឱ្យមានតម្លាភាព អព្យាក្រឹត្យភាព និងយុត្តិធម៌សម្រាប់បេក្ខភាពនានាដែលមានបំណងចង់ចូលរួមឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមនៅអាណត្តិក្រោយនេះ ៕