• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ការយល់ឃើញដ៏ចង្អៀត និងមិនគ្រប់ជ្រុងជ្រោយរបស់លោកចក់ មិនបានផ្តល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនោះទេ

ភ្នំពេញ៖លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការយល់ឃើញដ៏ចង្អៀត និងមិនគ្រប់ជ្រុងជ្រោយរបស់លោកចក់ មិនបានផ្តល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនោះទេ ខណៈការរិះគន់ក្នុងន័យស្ថាបនាគួរផ្សារភ្ជាប់ទៅនឹងការទទួលស្គាល់ពីវឌ្ឍនភាពដែរ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុក របស់ លោក ឃឹម ហ្វីណង់ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា ៖បញ្ហាប្រឈមពិតជានៅមាន តែការយល់ឃើញដ៏ចង្អៀត និងមិនគ្រប់ជ្រុងជ្រោយរបស់លោកចក់ មិនបានផ្តល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនោះទេ។

ការនាំចេញមានការកើនឡើង ទីផ្សារបើកថ្មីជាច្រើន គោលនយោបាយរក្សាស្ថេរភាពថ្លៃកសិផល ការពង្រាយមន្ត្រីកសិកម្មឃុំដើម្បីគាំទ្រដល់កសិករ ជាពិសេស គោលនយោបាយសហគមន៍កសិកម្មទំនើប តើទាំងអស់នេះយកទៅបោះចោលនៅឯណា? ការរិះគន់ក្នុងន័យស្ថាបនាគួរផ្សារភ្ជាប់ទៅនឹងការទទួលស្គាល់ពីវឌ្ឍនភាពដែរ។

កសិផលមិនមែនលក់តែខែធ្លាក់ថ្លៃនោះទេ ក្នុង១ឆ្នាំៗក៏មានពេលដែលតម្លៃល្អ ហើយកសិករបានចំណេញច្រើនដែរ ហើយបើបូកជារួមគឺកសិករនៅតែចំណេញ។ ២០២៣នេះ កម្ពុជានាំកសិផល ៨,៥លានតោនចេញទៅ ៧៨ប្រទេស កើនឡើងជិតមួយជាពីរធៀបនឹង៥ឆ្នាំមុន គិតជាលុយស្មើនឹងជាង ៤០០០លានដុល្លារ។

ជាមួយគ្នានេះ លោកបានបន្ថែមថា ខ្ញុំនៅតែជឿថា បើមិនចំណេញនឹងគ្មានអ្នកបង្កើនការផលិត និងអ្នកប្រឹងនាំចេញទេ ៕