• Cambodia Peace Channel

ពិតជាអស្ចារ្យ ! កីឡាករឆ្នើមវ័យក្មេងប្រចាំតំបន់អាស៊ី ក្លាយជាអ្នកស៊ុតគ្រាប់បាល់ដំបូងបង្អស់ឲ្យ Spurs នៅកីឡដ្ឋានថ្មី

អង់គ្លេស៖កីឡដ្ឋានថ្មីរបស់ Spurs ដែលបានសាងសង់លើទីតាំងចាស់ White Hart Lane កាលពីខែសីហា ឆ្នាំ២០១៧ ត្រូវបានប្តូរឈ្មោះទៅជាកីឡដ្ឋាន Tottenham Hotspur វិញ ដែលកើនកៅអីរហូតដល់៦២០០០កន្លែង ពោលគឺបន្ថែម ២៥០០០កៅអីទៀត។ កីឡដ្ឋាននេះដែរចំណាយទឹកប្រាក់សាងសង់សរុបប្រមាណ១ពាន់លានផោន (១,៣២ពាន់លានដុល្លារអាមេរិក) ឯណោះ។

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son ត្រូវចារឈ្មោះក្នុងប្រវត្តិសាស្ត្ររបស់ក្លិប Spurs ក្នុងនាមកីឡាករដែលរកគ្រាប់បាល់ទីមួយនៅ Premier League ក្នុងការបង្ហាញខ្លួនដំបូងនៅកីឡដ្ឋានថ្មីមួយនេះ។ ២គ្រាប់របស់ក្រុមមាន់ខ្នាយមាសលើក្រុម Crystal Palace ធ្វើបានដោយ Son នៅនាទី៥៥ និងខ្សែបម្រើ Christian Eriksen នៅនាទី៨០។

នេះជាជ័យជម្នះដ៏សំខាន់សម្រាប់ក្រុមលោក Mauricio Pochettino ដើម្បីដណ្តើមចំណាត់ថ្នាក់ទី៣ពី Arsenal វិញ ក្រោយរកបាន៦៤ពិន្ទុពីការប្រកួត៣២លើក។ Arsenal ធ្លាក់ទៅលេខ៤វិញដោយទទួលបាន៦៣ពិន្ទុប៉ុន្តែពួកគេទើបប្រកួតបាន៣១លើកប៉ុណ្ណោះ។

Manchester United បានធ្លាក់ទៅកាន់លេខ៦ ក្រោយចាញ់ Wolverhampton Wanderers ២-១ មាន៦១ពិន្ទុ ខណៈ Chelsea ឡើងទៅលេខ៥វិញបន្ទាប់ពីឈ្នះ Brighton & Hove Albion ៣-០ មាន៦៣ពិន្ទុ ពីការប្រកួត៣២លើកដូចគ្នា។

ដោយឡែក Manchester City បានឡើងទៅឈរនៅកំពូលតារាងជំនួស Liverpool វិញបន្ទាប់ពីពួកគេរកបាន៣ពិន្ទុបន្ថែមពីការឈ្នះ Cardiff City ២-០។ ក្រុមមេឃខៀវមាន៨០ពិន្ទុ នាំមុខហង្សក្រហម១ពិន្ទុពីការប្រកួត៣២លើកចុងក្រោយ ខណៈនៅសល់៦ប្រកួតទៀតសម្រាប់ពួកគេប្រជែងគ្នាដណ្តើមជើងឯកពានលំដាប់កំពូលអង់គ្លេសរដូវកាល២០១៨-១៩នេះ៕

ដោយ៖ស្រេន ឡាវី