• Cambodia Peace Channel

Xavi Hernandez សម្រេចចូលនិវត្តន៍ដ៏គួរភ្ញាក់ផ្អើល Lionel Messi សរសេរសារជូនពរ

អេស្ប៉ាញ៖អតីតប្រធានក្រុម FC Barcelona កីឡាករ Xavi Hernandez បានប្រកាសខ្លួននឹងចូលនិវត្តន៍ពីអាជីពកីឡាបាល់ទាត់ បន្ទាប់កីឡាកររូបនេះបានចំណាយពេលជាង ២១ឆ្នាំនៅលើវាលស្មៅ។

ប្រភព BBC បានដកស្រង់សម្តីអតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ និងជាវីរៈបុរសក្លិបអ្នកមានបុណ្យ FC Barcelona ថា«អ្វីដែលខ្ញុំបានធ្វើរយៈពេលជាង ២ទសវត្សមកនេះពិតជាអស្ចារ្យខ្លាំងណាស់»។

កីឡាកររូបនេះបន្តទៀតថា ខ្ញុំជឿថា វាជាពេលវេលា និងជាកាតព្វកិច្ចរបស់ខ្ញុំ ដែលត្រូវចាកចេញពីទីលានប្រកួត។ ប៉ុន្តែខ្ញុំនឹងត្រឡប់មកវិញក្នុងវិស័យបាល់ទាត់ នៅពេលវេលាណាមួយសមរម្យ។

ការសម្រេចចិត្តចាកចេញពីទីលានវាលស្មៅនៃអតីតវីរៈបុរសបាល់ទាត់អេស្ប៉ាញ និងអតីតប្រធានក្រុម FC Barcelona ធ្វើមានការភ្ញាក់ផ្អើលកីឡាករលំដាប់ពិភពលោក Lionel Messi ជាមួយនឹងពាក្យជូនពរ។

Messi បានសរសេរនៅក្នុងបណ្តាញសង្គម Instagram របស់លោកថា«វាពិតជារីករាយនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ជាមួយគ្នាជាច្រើនឆ្នាំ និងទទួលបានបទពិសោធន៍ជាមួយគ្នា។ ជាការពិត យើងនឹកនាគ្នាតាំងពីថ្ងៃដំបូងដែលអ្នកសម្រេចចិត្តចាកចេញ ព្រោះអ្នកទាំងអស់គ្នាបានជួយយើងច្រើន ទាំងនៅក្នុងទីលាន និងក្រៅទីលាន»។

ជាមួយការនឹករលឹកអតីតកាលរវាង Messi និង Xavi កីឡាករលំដាប់ពិភពលោកដែលធ្លាប់រួមទ្រនំ Messi ក៏ជួនពរដល់ Xavi ទទួលបានជោគជ័យ ពិសេសនៅក្នុងវិស័យកីឡាបាល់ទាត់។

គួររម្លឹកថា Xavi Hernandez ធ្លាប់ជួយជម្រេសជាតិអេស្ប៉ាញលើកពានលំដាប់ពិភពលោក World Cup2010 និងធ្លាប់ឈ្នះពាន La Liga ៨ដង និង UEFA Champion League ចំនួន ៤ដង៕

ដោយ៖ស្រ៊ីប ឡានី