• Cambodia Peace Channel

តើប្រាសាទភ្នំតាម៉ៅ កសាងឡើងនៅក្នុងសតវត្សរ៍ទីប៉ុន្មាន?

តាកែវ៖ប្រាសាទភ្នំតាម៉ៅ មានទីតាំងស្ថិតនៅក្នុងភូមិកន្ដឹងធំ ឃុំកន្ដឹងធំ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានចម្ងាយប្រមាណជា ៥១គីឡូម៉ែត្រពីក្រុងដូនកែវ នៃទីរួមខេត្តតាកែវ។

ប្រាសាទភ្នំតាម៉ៅ ត្រូវបានកសាងឡើងអំពីដីឥដ្ឋ នៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ចន្លោះឆ្នាំ១០០២-១០៥០ នៃគ្រឹស្តសករាជ និងព្រះបាទឧទយាទិត្យាវរ្ម័នទី២ ចន្លោះឆ្នាំ១០៥០-១០៦៦នៃគ្រឹស្តសករាជ ឋិតលើកំពូលភ្នំធម្មជាតិដែលមានកម្ពស់ ៤០ម៉ែត្រជិតព្រះវិហារវត្តភ្នំតាម៉ៅ។

ប្រាសាទភ្នំតាម៉ៅ កសាងឡើងក្នុងសម័យអង្គរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងស្ថិតក្នុងរចនាបថឃ្លាំង។ ហើយប្រាសាទនេះដែរ កសាងឡើងបែរមុខទៅទិសខាងជើង មានទំហំ៧.៥០ម៉ែត្របួនជ្រុង និងមានកម្ពស់ ១០ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះនៅសល់តែជញ្ចាំងប្រាសាទចំនួនពីរផ្ទាំងប៉ុណ្ណោះ គឺជញ្ជាំងខាងកើត និងជញ្ជាំងខាងជើង។ នៅក្បែរប្រាសាទមានសល់បំណែកថ្ម និងឥដ្ឋដូចជា បំណែកសសរពេជ្រ មេទ្វារ ផ្តែរជាដើម។

តាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវ ជនជាតិបារាំង ដែលបានធ្វើការសិក្សាអំពីប្រាសាទនេះតាំងពីសម័យមុន បាននិយាយថា ប្រាសាទភ្នំតាម៉ៅ អាចមានប្រាង្គប្រាសាទរហូតដល់ទៅពីរ តែបច្ចុប្បន្នឃើញតែប្រាង្គប្រាសាទតែមួយប៉ុណ្ណោះ ដោយជនជាតិបារាំងនោះយល់ឃើញថា ប្រាសាទនេះមានប្រាង្គពីរយោងតាមទីតាំងប្រាសាទនេះ មានផ្តែររហូតដល់ទៅពីរឯណោះ ផ្តែរទី១ ឆ្លាក់និយាយពីរឿងកូរសមុទ្រទឹកដោះ និងផ្តែរទី២ និយាយអំពីព្រះវិស្ណុគង់ផ្ទុំលើនាគអនន្ត៕ ដោយ៖ស្រ៊ីប ឡានី