• Cambodia Peace Channel

ក្រោយជជែកជាមួយប្រធាន FIFA ,អាស៊ានមានសង្ឃឹមខ្ពស់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០៣៤

បាងកក៖សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថា​អាស៊ាន សង្ឃឹមថាកិច្ចសហការរបស់ខ្លួនជាមួយ FIFA នឹងបំពេញនូវមហិច្ឆតាដើម្បីនាំយកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ មកកាន់តំបន់នេះ។ នេះបើតាមការចុះផ្សាយដោយកាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកកាលពីថ្ងៃសៅរ៍ ក្រុមដែលជាសមាជិកប្រទេសអាស៊ាន និងFIFA បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការ រវាងអង្គភាពទាំងពីរ ដើម្បីបង្កើនតួនាទីបាល់ទាត់ក្នុងការអភិវឌ្ឍសង្គមនៅក្នុងតំបន់។

មេដឹកនាំអាស៊ានទាំង ១០ រូប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានស្វាគមន៍ការចុះហត្ថ លេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងអាស៊ាននិងសមាគមន៍បាល់ទាត់អន្តរជាតិ (FIFA) ដែលនឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការបាល់ទាត់ និងបំពេញកិច្ចខិតខំប្រឹងប្រែងក្នុងការដេញថ្លៃរួមគ្នា ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០៣៤  ។

អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន លោក លីម ចក ហ៊យ  ( Lim Jock Hoi) និងលោក ជានី អ៊ីនហ្វាទីណូ ( Gianni Infantino ) ប្រធានអង្គភាពគ្រប់គ្រងបាល់ទាត់ពិភព លោក។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅប៉ុន្មានសប្តាហ៍បន្ទាប់ពីបណ្តាប្រទេសអាស៊ានបានយល់ព្រមគាំទ្រការដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ដោយសមាជិកចំនួន ៥ របស់ខ្លួនគឺ ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម៕