• Cambodia Peace Channel

ឥណ្ឌូនេស៊ីត្រៀមតែងតាំងអតីតគ្រូបង្វឹកដឹកនាំកូរ៉េខាងត្បូងឈ្នះអាល្លឺម៉ង់កាល World Cup ២០១៨

ហ្សាកាតា៖បន្ទាប់ពីការចាប់ផ្តើមដ៏គួរឱ្យស្ញប់ស្ញែងចំពោះយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថា នឹងតែងតាំងគ្រូបង្វឹកថ្មីដើម្បីដឹកនាំក្រុមជំនួសលោក ស៊ីមូន ម៉ាកមេនេមី (Simon McMenemy) នៅក្នុងខែវិច្ឆិកានេះ។

ការត្រៀមតែងតាំងគ្រូបង្វឹកថ្មីនេះ គឺនៅសល់តែ ២សប្តាហ៍ទៀតប៉ុណ្ណោះ ក្រុមឥន្ទ្រីមាសឥណ្ឌូនេស៊ីត្រូវធ្វើដំណើរទៅកាន់ទឹកដីកូឡឡាំពួរ ដើម្បីតតាំងជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាពហុកីឡដ្ឋានជាតិ Bukit Jalil ក្នុងវគ្គជម្រុះជើងទី២ Fifa World Cup 2022 ប្រទេស កាតា និង AFC Asian Cup ឆ្នាំ ២០២៣។ ទាក់ទងនឹងបញ្ហានេះមិនទាន់ផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពទាក់ទងនឹងគ្រូបង្វឹករបស់ពួកគេ នៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីបានរាយការណ៍ថា អតីតគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បូងលោក ស៊ីន តេយ៉ង់ (Shin Tae-yong) ស្ថិតក្នុងចំណោមជួរមុខមកកាន់តំណែងជាគ្រូបង្វឹកជម្រើសជាតិឥណ្ឌូនេស៊ីរួមជាមួយអតីតតារាឆ្នើមរបស់ក្រុម Barcelona ។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក ស៊ីន តេយ៉ង់ បានជួយឱ្យក្លិបបាល់ទាត់ Seongnam ឈ្នះពានរង្វាន់ AFC Champions League កាលឆ្នាំ២០១០ ។ បុរសវ័យ ៤៩ ឆ្នាំរូបនេះក៏បានទទួលបន្ទុកដឹកនាំក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េខាងត្បូងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដែលពួកគេបានបំបាក់ក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ ២ ទល់នឹង០ផងដែរ ។

គួរជម្រាបជូនដែរថា ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានតែងតាំងលោក ម៉ាកមេនេមី (McMenemy) ជាគ្រូបង្វឹកកាលខែធ្នូឆ្នាំ ២០១៨ ជំនួសលោក ប៊ីម៉ា សាកទី ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះហាក់មិនទទួលបានលទ្ធផលល្អនោះឡើយ នៅក្នុងយុទ្ធនា ការ វគ្គជម្រុះជើងទី២ Fifa World Cup 2022 ប្រទេស កាតា និង AFC Asian Cup ឆ្នាំ ២០២៣៕