• Cambodia Peace Channel

CPC-គិតត្រឹមថ្ងៃទី៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៤គ្រឿង

ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ Sea Gameលើកទី៣២ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺកីឡាករកីឡាការិនីកម្ពុជាធ្វើបានយ៉ាងល្អ ក្នុងការប្រកួតយកជ័យជម្នះ ដោយគិតត្រឹមថ្ងៃទី៤ ខែឧសភា កម្ពុជាដណ្ដើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៤គ្រឿង។

កីឡាករកីឡាការិនីកម្ពុជា ចំនួន ៦រូប ដែលទទួលបានមេដាយមាស ៥គ្រឿង នៅថ្ងៃទី៤ ឧសភាលើ ២ប្រភេទកីឡា នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលក្នុងនោះ កីឡាជូជីតស៊ូ ទទួលបានមេដាយមាស ១គ្រឿង ( សម្តែងគូផ្នែកបុរស ២នាក់) និងក្បាច់គុនល្បុក្កតោ ៤គ្រឿង ( ស្ត្រី ២នាក់ បុរស ២នាក់ )។

មេដាយមាស ដំបូងគេ គឺកីឡាករកម្ពុជា គង់មូណា មិថុរ៉ា និងទូច ពីរកក្កដា បានឈ្នះមេដាយមាស ក្នុងប្រភេទកីឡាជូជីតស៊ូលើវិញ្ញាសាសម្តែងបុរសជាគូ។

ដោយឡែកមេដាយមាស ៤គ្រឿងទៀត បានទៅលើកីឡាករកីឡាការិនីកម្ពុជា ដែលសម្តែងទោលផ្នែកបុរស និងស្ត្រី ក្នុងប្រភេទវិញ្ញាសារក្បាច់គុនល្បុក្កតោ គឺវិញ្ញាសារ សម្តែងព្រលឹងគុនល្បុក្កតោ៖ ១-កីឡាករ ពន្លឺ ពេជ្រមរកត ២-កីឡាការិនី ម៉ៅ លក្ខិណា ៣-វិញ្ញាសារ ទ្វារគុនអាវុធឥតមុខ គឺកីឡាករ គឹម ទិត្យសុវឌ្ឍន: ៤-កីឡាការិនី យស សញ្ចនា ទទួលបានមេដាយមាស លើវិញ្ញាសាសម្ដែងគុនល្បុក្កតោ គ្មានអាវុធ ផ្នែកនារី។

គួរបញ្ចាក់ផងដែរថា ការប្រកួតស៊ីហ្គេម គិតត្រឹមយប់ថ្ងៃទី៤ ឧសភានេះ គឺកម្ពុជា ឈរលេខរៀងទី១ ទទួលបានមេដាយ ៩គ្រឿង ( មាស ៥ និងប្រាក់ ៤គ្រឿង )។ ហ្វីលីពីន ៧គ្រឿង ( មាស ២ ប្រាក់ ២ និងសំរិទ្ធ ៣ )។ ថៃ ៣គ្រឿង ( មាស ១ ប្រាក់ ១ និងសំរិទ្ធ ១ )។ ឡាវ ៤គ្រឿង ( មាស ១ និងសំរិទ្ធ ៣ )។ ឥណ្ឌូនេស៊ី ៦គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៥ )។ ហ្វីលីពីន ៤គ្រឿង ( ប្រាក់ ១ និងសំរិទ្ធ ៣ )។ វៀតណាម ទទួលបានមេដាយសំរិទ្ធ ៣គ្រឿង៕