• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ ជូនសាធារណជនបានសិក្សាស្វែងយល់

សៀមរាប៖សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល​ ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់តាំងបង្ហាញ។ លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ។
សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។ ក្រុមការងារសារមន្ទីរបានទៅទទួល សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស​ សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។
គួរបញ្ជាក់ផងដែរថា នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ដែលលោក សែន គឺមស៊ុន ពន្យល់ថា សារមន្ទីរបានរើស សមុច្ច័យចំនួន២១ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយ​ក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុក​ព្រៃកប្បាស ខេត្តតាកែវ៕