• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-បាក់ព្រា ជាឈ្មោះភូមិត្រូវគេស្គាល់ច្បាស់តាមរយៈបទចម្រៀង កូនស្រីអ្នកនេសាទ ដែលមានចម្ងាយជាង៣៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង

បាត់ដំបង៖ «បាក់ព្រា» ឈ្មោះភូមិដែលស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវគេស្គាល់ច្បាស់តាមរយៈបទចម្រៀង «កូនស្រីអ្នកនេសាទ» ដែលបញ្ចេញសូរ្យសៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងនិពន្ធដោយកវីស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ។
មិនខុសពីការរៀបរាប់ក្នុងបទចម្រៀងនោះឡើយ ភូមិមួយនេះនៅតែជាតំបន់នេសាទសម្រាប់ពលរដ្ឋប្រមាណ៤០០គ្រួសារក្នុងការប្រកបរបរចិញ្ចឹមជីវិត ចម្ងាយជាង៣៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ការធ្វើដំណើរទៅកាន់ភូមិបាក់ព្រា ត្រូវចំណាយពេលប្រមាណ៣ម៉ោង ដោយធ្វើដំណើរតាមកាណូតលើស្ទឹងសង្កែ។
មិនត្រឹមតែប៉ុណ្ណោះ នៅតាមផ្លូវឆ្ពោះទៅកាន់ភូមិនេសាទមួយនេះ លោកអ្នកអាចទស្សនានូវទេសភាព ស្រស់ស្អាត ហ៊ុមព័ទ្ធដោយព្រៃលិចទឹក គួរជាទីគយគន់ និងផ្ទះនៅលើផ្ទៃទឹកជាមួយនិងការប្រកបរបរនេសាទរបស់ប្រជាជននៅទីនោះ ខណៈបច្ចុប្បន្ន ភូមិបាក់ព្រា មានសាលារៀន វត្តអារាម និងមណ្ឌលសុខភាពផងដែរ ៕