• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-គណៈកម្មការវត្ត វត្តថ្មី បានឯកភាពកែប្រែដំបូលមហាកុដិ មកជារចនាបទខ្មែរវិញ

កំពងចាម៖ក្រោយពីមានការរិះគន់ពីសំណាក់មហាជនតាមបណ្ដាញសង្គម ជុំវិញសំណងមហាកុដិនៅវត្តថ្មីនេះ គណៈកម្មការចម្រុះក្នុងនោះរួមមាន មន្ទីរធម្មការខេត្ត មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ សាលាមេគុណខេត្ត អភិបាលស្រុកកំពង់សៀម ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ លោករ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានប្រជុំដោះស្រាយជាបន្ទាន់នៅជាន់ក្រោមមហាកុដិ ដោយមានការចូលរួមពីព្រះចៅអធិការវត្តព្រះនាមប៊ន ស្រឿន ព្រមទាំងគណៈកម្មការអាចារ្យវត្ត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤។

ប្រធានមន្ទីរធម្មការនិងសាសនា អោយដឹងថាមហាកុដិនេះមានទំហំ១៦ម៉ែត្រគុណ១៤ម៉ែត្រ មានកម្ពស់បីជាន់ ដោយជាន់ខាងក្រោមមានបន្ទប់សម្រាប់ព្រះចៅអធិការសឹងតាមជញ្ជាំងមានរូងដាក់ព្រះពុទ្ធរូបចំនួន១០៨ អង្គ ជាន់ទី២ មានតម្កល់សេរីរ:ធាតុ ដែលយកពីប្រទេសឥណ្ឌា មានបន្ទប់ស្ទុដយោ សម្រាប់ផ្សព្វផ្សាយព្រះធម៌ បណ្ណាល័យ នៅជាន់ទី៣ មានព្រះពុទ្ធរូបមួយអង្គធំ កន្លែងធ្វើសមាធិ ដោយសុទ្ធសឹងតែធ្វើឡើងតាមលក្ខណៈព្រះពុទ្ធសាសនាសុទ្ធសាធ។

បន្ទាប់ពីមានការពន្យល់ពីស្ថាប័នមន្ទីរវប្បធម៌ខេត្តក៏ដូចជាមន្ទីរធម្មការខេត្ត ព្រះចៅអធិការវត្តរួមទាំងគណៈកម្មការវត្តបានយល់ព្រមកែលម្អដំបូលមហាកុដិធ្វើយ៉ាងណាតាមរចនាបទខ្មែរ ខណៈមហាកុដនេះត្រូវបានកសាងឡើងចាប់តាំងពីឆ្នាំ២០១៨ បន្តរហូតមកដល់ឆ្នាំ២០២៤សម្រេចបាន៨៧% ទៅ៩៨% ចំពោះបច្ច័យដែលត្រូវចំណាយប្រមាណ៣៥ម៉ឺនដុល្លារ។

គួរបញ្ជាក់ផងដែរថា ព្រះចៅអធិការអង្គនេះបានគ្រប់គ្រងវត្តថ្មីក្នុងអំឡុងឆ្នាំ២០១៣ បន្តរហូតមកដល់បច្ចុប្បន្នចំពោះសមិទ្ធិផលដែលសម្រេចបានវិញ រួមមានមហាកុដិបានមកពីពុទ្ធបរិស័ទចំណុះជាងវត្តទាំងនៅទីជិតទីឆ្ងាយនិងមួយផ្នែកទៀតនៅក្រៅស្រុក ក្រៅពីនេះមានតូបតាជីយាយជី សាលាពុទ្ធិកៈមួយជាន់សាងសង់អំពីបេតុង ៕