• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សេដ្ឋកិច្ចជាតិ

CPC- ត្រីមាសទី១ នៃឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក 

ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និង
អាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោងដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។ ជារួមក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

ការកើនឡើងយ៉ាងគំហុកនេះគឺដោយសារវត្តមាននៃគម្រោងថ្មីនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម,វិស័យទេសចរណ៍, និងគម្រោងពង្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសទី ១ រួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ២,៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិ-យោគប្រមាណ ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,៨៦០កន្លែង។

២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០ MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង ៤៤០
លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។

៣. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណ
ជាង ១០៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។

៤. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង ១០៧លានដុល្លារ
អាម៉េរិក។

៥. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក និង
អាចបង្កើតការងារបានចំនួន ៤៣កន្លែង។

៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គុំ ដើមណូអែលនិងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃសាគុំ ឃុំព្រៃធំស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។

៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ
ប្រមាណ ១៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៣៦កន្លែង។

៨. គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ១៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន
ចំនួន ៥,១៥០កន្លែង។

ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស១. គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ២១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។

គួរគូសរំលេចផងដែរថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣%
នៃការវិនិយោគសរុប ៕