• Cambodia Peace Channel

បឹងកេត និងស្វាយរៀង ដណ្តើមពានរង្វាន់ Hun Sen Cup នៅក្លិបភ្នំពេញក្រោន

ភ្នំពេញ៖គូរប្រកួតដ៏ជក់ចិត្ត និងអង្រួនបេះដូងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ នឹងចាប់ផ្តើមនាថ្ងៃទី៦ ខែវិច្ឆិកា ស្អែកនេះហើយ ក្នុងជំនួបរវាងក្លិបបាល់ទាត់ បឹងកេតអែហ្វស៊ី និងក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្នាក់ជាតិ វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន វេលាម៉ោង ៦៖០០នាទីល្ងាច។

មុនជំនួបនាថ្ងៃស្អែកនេះ ខ្សែការពាររបស់ បឹងកេត និងជាសមាជិកជម្រើសជាតិកម្ពុជា ដែលបាននឹងកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ កីឡាករ សេត រ៉ូស៊ីប ប្រាប់ CPC NEWS ឲ្យដឹងនាថ្ងៃទី៥ ខែវិច្ឆិកា នេះថា “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រកួតដ៏តានតឹងនេះ ទាំងកម្លាំងកាយនឹងកម្លាំងចិត្ត និងរង់ចាំតែថ្ងៃប្រកួតមកដល់”

ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០១៩ ក្រោយបញ្ចប់ទៅថ្មីៗនេះ ខណៈបឹងកេតបានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ១៤ក្លិបដែលបានចូលរួមប្រកួតនារដូវកាលនេះ។

ជាមួយគ្នានេះដែរ ខ្សែការពាររបស់ បឹងកេត និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ក៏អំពាវនាវដល់អ្នកគាំទ្រទាំងអស់ សូមចូលរួមលើកទឹកចិត្តដល់ក្រុមទាំងពីរ ព្រោះនេះបង្ហាញពីភាពរីកចម្រើនវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសកីឡាករក្លិប ជាចំណែកនៃការអភិវឌ្ឍជម្រើសជាតិកម្ពុជាផងដែរ៕