• Cambodia Peace Channel

៣ឆ្នាំ​សោះ​ ទាហាន​និង​ប៉ូលិស​អាហ្វហ្គានីស្ថាន​ស្លាប់​ជិត​៣ម៉ឺន​នាក់​ ដោយសារ​សង្គ្រាម​ជាមួយ​អាមេរិក​

អាហ្វហ្គានីស្ថាន​៖​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ លោក Ashraf Ghani បាននិយាយថា ទាហាននិង​ប៉ូលិសអាហ្វហ្គានីស្ថានជាង២៨០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីឆ្នាំ២០១៥ មក​ ដោយសារ​សង្គ្រាម​ជាមួយ​អាមេរិក​ ។

ដោយឡែក​ នៅ​ថ្ងៃទី​៦​ ខែ​ធ្នូ​ នេះ​ សារព័ត៌មាន​ចិន​ ស៊ីនហួរ​ ចេញ​ផ្សាយ​ថា​ មេបញ្ជាការកណ្ដាល នៃបញ្ជាការដ្ឋានកណ្តាលអាមេរិកហៅកាត់ថា CENTCOM បានសម្តែងការព្រួយបារម្ភអំពីអត្រាកើនឡើងនៃការស្លាប់របស់កងកម្លាំងអាមេរិក​ដែលកំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈការប្រយុទ្ធនៅក្នុងប្រទេសដែលហួងហែង ដោយសារសង្រ្គាមមួយនេះ កំពុងតែបន្តកើតមានស្ទើររៀងរាល់ថ្ងៃ។

ឧត្តមសេនីយ៍ឯក Kenneth McKenzie បាននិយាយថា “ការបាត់បង់នៃកងកម្លាំងសហរដ្ឋអាមេរិកមានកំរិតខ្ពស់ណាស់ ហើយការបាត់បង់របស់ពួកគេនឹងមិនមាន​និរន្តរភាពទេ លុះត្រាតែយើងបានដោះស្រាយបញ្ហាមួយចំនួនអោយបានរួចរាល់”។

សូម​បញ្ជាក់​ថា លោក McKenzie ត្រូវបានតែងតាំងអោយជំនួស ការចាកចេញរបស់ឧត្តមសេនីយ៍ឯក Joseph L. Votel ដើម្បីដឹកនាំ ក្រុម CENTCOM ។

លោកក៏បានទទួលស្គាល់ការស្លាប់របស់ ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាននាពេលថ្មីៗនេះ និងការ​ស្លាប់របស់មេបញ្ជាការកងនាវាចរទី ៥ លោក Scott Stearney នៅប្រទេសបារ៉ែនផងដែរ។

ការកត់សម្គាល់របស់លោក McKenzie បានកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោនបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្រ្គាមដ៏​រ៉ាំ​រៃនៅអាហ្វហ្គានីស្ថាន។

ក្នុងអំឡុងពេលសវនាការ​ សមាជិកសភាអាមេរិកក៏បានសម្តែងការខកចិត្តចំពោះការជាប់គាំង នៅក្នុងការចូលរួមរបស់កងទ័ពអាមេរិកនៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។

ចំនួនអ្នកស្លាប់នៃកងកម្លាំងអាមេរិកបានកើនឡើងលើសពី ២៤០០ នាក់ ចាប់តាំងពីសហរដ្ឋអាមេរិកបានឈ្លានពានអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ ។

តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថានលោក Zalmay Khalilzad បានធ្វើកិច្ចចរចារយៈពេល ៣ ថ្ងៃជាមួយបេសកជននយោបាយតាលីបង់កាលពីខែមុន​។

ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ។ កិច្ចពិភាក្សា​បន្ត​ទៀត​ នឹងត្រូវបានគេរំពឹងថាធ្វើនៅក្នុុង​ខែធ្នូ ឆ្នាំ២០១៨នេះ៕