• Cambodia Peace Channel

ពលរដ្ឋ លើកឡើងថា ដីជាង២ពាន់ហិកតា ដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ប្រគល់អោយពលរដ្ឋជិត៥០០គ្រួសារ បែរជាបានទៅលើបុគ្គលមានលុយ មានអំណាច ឃុបឃិតគ្នាធ្វើប្លង់រឹងរំលោភយកទៅវិញ (វីដេអូ)

កណ្តាល៖ប្រជាពលរដ្ឋជិត២០០នាក់ ក្នុងចំណោម៤៧៣គ្រួសារ ដែលរស់នៅភូមិកណ្តាលក្រោម និង ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ បានប្រមូលផ្តុំគ្នាមុខតុលាការខេត្តកណ្តាល ក្រោយតុលាការបានចេញដីកាកោះហៅប្រជាពលរដ្ឋចូលបំភ្លឺ តាមបណ្តឹងរបស់បុគ្គលឈ្មោះ ទូច សាហៀង ដែលមានលុយ មានអំណាច និង មានឥទ្ធិពល នៅស្រុកកៀនស្វាយ ។

ប្រជាពលរដ្ឋ បានចូលបំភ្លឺតបតាមដីកាកោះរបស់លោក ហោ លីណា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ដែលប្តឹងចោទប្រកាន់ពីបទ «រំលោភលើការកាន់កាប់អចលនវត្ថុដោយសុច្ចរិត និង ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស»

ប្រជាពលរដ្ឋ បានថ្លែងប្រាប់ CPC NEWS ក្នុងពេលតវ៉ាមុខតុលាការខេត្តកណ្តាល ថា ដីជាង២ពាន់ហិកតា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អោយពលរដ្ឋជិត៥០០គ្រួសារ បែរជាបានទៅលើបុគ្គលមានលុយ មានអំណាច ឃុបឃិតគ្នា ធ្វើប្លង់រឹងរំលោភយកទៅវិញ ។

ប្រជាពលរដ្ឋ បន្តថា មិនត្រឹមតែរំលោភយកដីប្រជាពលរដ្ឋ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាត់ពីលោកឧកញ៉ា ឡោក ហ៊ួរ ប្រគល់ជូនប្រជាពលរដ្ឋ នោះទេ បែរជាមកប្តឹងប្រជាពលរដ្ឋចូលតុលាការ ក្នុងន័យគំរាមកំហែង និង បំបាក់ស្មារតី មិនអោយក្រោកឈរទាមទារដំណោះស្រាយទៅវិញ ។

ប្រជាពលរដ្ឋ សំណូមពរសូមអោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិបណ្ឌិត ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងនូវភាពអយុត្តិធម៌ នេះផង ៕