• Cambodia Peace Channel

សុះ ស៊ូហាណា នឹងព្យាយាមឲ្យអស់ពីសមត្ថភាពពេលប៉ះជាមួយក្រុមវិសាខា វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចក្តីប្រាថ្នា

ភ្នំពេញ៖ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ កីឡាករ សុះ ស៊ូហាណា ហាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងកា​ប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិ ជាមួយក្លិបបាល់ទាត់ វិសាខា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីសម្រេចបំណងប្រាថ្នា ក្នុងការឈ្នះពាននេះ ខណៈកីឡាកររូបនេះ មិនដែលធ្លាប់ឈ្នះពាននេះទេ ក្នុងអាជីពជាកីឡាបាល់ទាត់របស់ខ្លួន ។

កីឡាករ សុះ ស៊ូហាណា ដែលអ្នកគាំទ្រដាក់រហស្សនាមថា កីឡាកររះស្ទើរគ្រប់រដូវ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍រូបនេះ ឲ្យ CPC NEWS ដឹងថា “សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ថ្ងៃស្អែកនេះ ជាការប្រកួតដ៏សំខាន់ ព្រោះក្នុងអាជីពជាកីឡាករម្នាក់ៗ មិនមានច្រើនទេ ក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនេះ”

ខ្សែបម្រើប្រយុទ្ធនេះ បន្តថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ ១០០% លេងឲ្យអស់ពីសមត្ថភាព ដើម្បីគោលដៅ សម្រាប់ឆ្នាំនេះ ហើយពានរង្វាន់មួយនេះ ជាពានរង្វាន់ដែលខ្ញុំមិនធ្លាប់បានឈ្នះដែរ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃស្អែកនេះ ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំ សម្រាប់ពានសម្តេចតេជោ មួយនេះ ។

ជាមួយគ្នានេះដែរ កីឡាករ សុះ ស៊ូហាណា ក៏បានសំណូមពរដល់អ្នកគាំទ្រអស់គ្នា ចូលរួមគាំទ្រទាំងអស់អោយបានច្រើនកុះករ តាមការទស្សនាផ្ទាល់ក្នុងចំនួនដែលក្រសួងសុខាភិបាលបានកំណត់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រោះការប្រកួតថ្ងៃស្អែកនេះ ជាការប្រកួតដ៏ជក់ចិត្តបំផុត សម្រាប់រដូវកាលនេះ។

សូមជម្រាបថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្អែកនេះ ក្លិបបាល់ទាត់ ណាហ្គាវើលដ៍ និងប្រកួតជាមួយក្រុម វិសាខា នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១៤ ឆ្នាំ២០២០ (ថ្នាក់ជាតិ) វេលាម៉ោង ៦៖០០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូរឡាំពិក ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក នារដូវកាលនេះ៕​