• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ

សៀមរាប៖អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់ ។
ខឿននៃឧបោសថាគារ ដែលដើមឡើយមានរោងធ្វើពីឈើប្រក់ក្បឿង (បច្ចុប្បន្នពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង៧,៥០ម៉ែត្រ និងបណ្តាយ១៧,៥០ម៉ែត្រនេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះបានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។
បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះគឺយើងនឹងធ្វើការរើតួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះនិងរចនាសម្ព័ន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល៣ខែខាងមុខ ៕