• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ពលរដ្ឋសំណូមពរអាជ្ញាធរខណ្ឌចំការមនបង្ក្រាបទីតាំងស្នូកយ័រ បង្កប់ល្បែងសុីខុសច្បាប់ឲ្យមានប្រសិទ្ធភាព និងសម្ងាត់កុំឲ្យម្ចាស់ទីតាំងដឹងខ្លួនមុន

ភ្នំពេញ៖ពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ត្របែក ខណ្ឌចំការមន បានសំណូមពរដល់អាជ្ញាធរបង្ក្រាបទីតាំងស្នូកយ័រ យីហោ អេលីដ បង្កប់ល្បែងសុីខុសច្បាប់បៀរ និងអាប៉ោង ឲ្យមានប្រសិទ្ធភាព និងសម្ងាត់កុំឲ្យម្ចាស់ទីតាំងដឹងខ្លួនមុន ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខ្នាតធំមួយនេះ គេមើលឃើញមានអ្នកញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃមិនដាច់នោះទេ ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពាក់ព័ន្ធនឹងបទល្មើសនានាដូចជាចោរលួច ចោរប្លន់ជាដើម និងរំលោភលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរដ្ឋាភិបាលផងដែរ។

ពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមកកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានធ្វើការចុះបង្ក្រាបជាច្រើនលើកច្រើនសារមកហើយដែរ ប៉ុន្តែអ្វីជាចម្ងល់របស់មហាជន រាល់ប្រតិបត្តិការរបស់លោកអភិបាល ម្ចាស់ទីតាំងភាគច្រើនតែងតែដឹងខ្លួនមុនជានិច្ច ដែលធ្វើឲ្យអាជ្ញាធរពិបាកមានចំណាត់ការលើមេក្លោងល្បែងស៊ីសងទាំងនេះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ទៅវិញ ម្ចាស់ទីតាំងក៏បើកដំណើរការជាធម្មតាទៅវិញ។

ជុំវិញករណីខាងលើនេះ CPC NEWS បានសុំការបំភ្លឺបន្ថែមពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នេះ តាមរយៈប្រព័ន្ធ Telegram បានអោយដឹងថា ជាក់ស្ដែងកាលពីថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ លោកបានបញ្ជារអោយកម្លាំងចម្រុះចុះត្រួតពិនិត្យម្ដងរួចមកហើយ តែសង្កេតឃើញថា ពុំមានសម្ភារៈឬសកម្មភាពពាក់ព័ន្ធនឹងការលេង ឬប្រកបល្បែងស៊ីសងខុសច្បាប់ដូចពលរដ្ឋផ្ដល់ព័ត៌មាន នោះទេ ៕