• Cambodia Peace Channel

ធ្លាក់ចេញពី UEFA Champions League ហើយ កីឡាករកំពូលៗគ្រោងនឹងចាកចេញទៀត!

អេស្ប៉ាញ៖ ក្រុមស្តេចស Real Madrid ទំនងជាជួបការលំបាកខ្លាំងសម្រាប់កីឡាករកំពូលៗអាចនឹងផ្លាស់ប្តូរទ្រនំថ្មី ក្រោយក្លិបនេះធ្លាក់ចេញពីពាន Copa del Rey ចាញ់ក្រុម FC Barcelona ជាច្រើនពិន្ទុនៅ La Liga នឹងធ្លាក់ចេញពី UEFA Champions League ក្រោយចាញ់ Ajax ៤-១ កាលពីយប់មិញ។

គេហទំព័រ AS បានបង្ហាញកីឡាករកំពូល ៦រូបដែលមិនពេញចិត្តនឹងគ្រូបង្គោលលោក Santiago Solari ហើយមានបំណងចាកចេញពីក្លិបនោះរួមមាន៖

Isco បានស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Santiago Solari បើសិនជា Solari នៅបន្តដឹកនាំដល់រដូវកាលក្រោយ កីឡាករអេស្ប៉ាញរូបនេះ ទំនងនឹងចាកចេញពីក្លិបយក្សនេះ។

Gareth Bale ក្លាយជាគោលដៅរិះគន់ពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីបង្ហាញទម្រង់លេងមិនបានល្អនៅរដូវកាលនេះ។ Real Madrid អាចនឹងទទួលយកការដេញថ្លៃពីក្លឹបផ្សេងៗ ដើម្បីលក់កីឡាករជម្រើសជាតិវែលរូបនេះចេញ។

Marcelo អតីតមិត្តរួមក្រុម Cristiano Ronaldo ជារឿយៗតែងតែលើកឡើងថា ខ្លួនចង់ចូលនិវត្តន៍នៅកីឡដ្ឋាន Bernabéu ក្លឹប Real Madrid។ ប៉ុន្តែពេលនេះមិនដូចមុនឡើយ កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ បានធ្លាក់តំណែងទៅជាកីឡាករបម្រុង ជំនួសដោយ Sergio Reguilón វិញ។ ហេតុផលនេះ គេអាចនឹងចាកចេញពីក្លឹបស្តេចសនេះ។

ជាមួយគ្នាដែរ កីឡាករវ័យក្មេង Jesús Vallejo, Mariano Diaz និង Brahim Diaz ក៏ជាគោលដៅក្នុងការដើរចេញពីក្លិបយក្ស Real Madrid ផងដែរ៕

ដោយ៖ ស្រ៊ីប ឡានី