• Cambodia Peace Channel

កក្រើកទៀតហើយ ! ការជួបភ្នំពេញក្រោនសប្តាហ៍ទី៣នេះ វិសាខា រៀបចំយុទ្ធសាស្ត្ររួចជាស្រេច

ភ្នំពេញ៖ការប្រកួតក្របខណ្ឌ លីគកំពូលកម្ពុជា Metfone Cambodian League2019 សប្តាហ៍នេះ ក្លិបកីឡាបាល់ទាត់ វិសាខា នឹងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ ក្លិបភ្នំពេញក្រោន នៅកីឡដ្ឋាន RSN នៅថ្ងៃអាទិត្យ ទី៧ ខែ មេសា នេះ វេលាម៉ោង ៦៖០០ នាទីល្ងាច។

មុនចេញទៅជួបម្ចាស់ផ្ទះភ្នំពេញក្រោន លោក ហុក សុជីវ័ន គ្រូបង្គោល វិសាខា លើកឡើងថា សម្រាប់សប្តាហ៍ទី៣ យើងត្រូវលេងក្រៅទឹកដីលើកដំបូងក្នុងលីគរបស់យើង ដោយត្រូវជួបក្លិបមួយ ដែលជោគជ័យក្នុងវិស័យបាល់ទាត់ ហើយក៏ជាក្លិបមួយមានការរៀបចំបានល្អ ក្នុងរដូវកាលឆ្នាំ២០១៩។

លោកបន្តទៀតថា យើងបានត្រៀមខ្លួនរួចជាស្រេច គឺត្រៀមតាំងពីមុនលីគចាប់ផ្តើម តែអ្វីដែលត្រូវផ្លាស់ប្តូរ យើងតែងតែផ្លាស់ប្តូរគ្រប់ការប្រកួត គឺយើងផ្លាស់ប្តូរតាមអ្វី ដែលជាក់ស្តែងទៅតាមការប្រកួតរបស់យើង។

សម្រាប់រដូវកាលនេះ ក្លិបបាល់ទាត់ វិសាខា បាននាំចូលកីឡាករវ័យក្មេងជាច្រើន។ ជាក់ស្តែងកាលប្រកួតនៅសប្តាហ៍ទី២ លោក សុជីវ័ន គ្រូបបង្គោល វិសាខា បានដាក់កីឡាករវ័យក្មេងចូលលេង ហើយពួកគាត់ធ្វើបានល្អ។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ Visakha Football Club។

ចំពោះការផ្តល់ឱកាសដល់កីឡាករវិញ គ្រូបង្វឹករូបនេះលើកឡើងថា កីឡាករគ្រប់រូប មិនថាចាស់ ឬក្មេងនោះទេ ឱ្យតែប្រកាន់ខ្ជាប់ការខិតខំប្រឹងប្រែង និងអាចបង្ហាញសមត្ថភាពបានល្អ មានភាពសុីចង្វាក់គ្នា ពួកគាត់នឹងមានឱកាសចូលលេង។

គួររម្លឹកថា ក្លិបបាល់ទាត់វិសាខា កំពុងឈរលេខរៀងទី៤ មាន៤ពិន្ទុជាបណ្តុះអាសន្ន ខណៈដែលក្លិបភ្នំពេញក្រោនមាន ៣ពិន្ទុ៕

ដោយ៖ស្រ៊ីប ឡានី