• Cambodia Peace Channel

បទពិសោធន៍ រដូវកាលមុន ធ្វើឲ្យក្លិបក្រសួងការពារជាតិចងចាំ ដោយការពង្រឹងស្មារតីដល់កីឡាករ

ភ្នំពេញ៖ការប្រកួតក្របខ័ណ្ឌលីគ Metfone Cambodian League សប្តាហ៍ទី៣ ក្នុងជំនួបរវាង ក្លិបក្រសួងការពារជាតិនិងក្លិបបាល់ទាត់ខេត្តកំពង់ចាម , គ្រូបង្វឹកក្រសួងការពារជាតិ ប្តេជ្ញា ថា នឹងផ្តោតលើស្មារតីកូនក្រុម។

គ្រូបង្វឹកក្រសួងការពារជាតិ លោក ភា សុភក្ត្រា បានលើកឡើងថា និយាយទៅការប្រកួតនេះ ខ្ញុំផ្តោតបំពាក់បំប៉នស្មារតីកីឡាករឲ្យមូលលើការប្រកួត ស្ទើរតែអាចនិយាយថា ខ្លាំងជាងពេលប៉ះក្រុមធំៗទៀត ពីព្រោះយើងធ្លាប់មានបទពិសោធន៍រួចហើយ។

គ្រូបង្វឹករូបនេះបន្តទៀតថា រដូវកាលមុន យើងធ្លាប់ស្មើវេស្ទើននៅជើងទី២ ទាំងដែលជើងទី១ យើងយកឈ្នះដល់ទៅ៨៖០ ។ យើងបារម្ភកីឡាករទម្លាក់ការប្រឹងប្រែង ហេតុនេះត្រូវក្រើនរំលឹកឲ្យពួកគាត់ប្រមូលអារម្មណ៍ លេងអស់ពីសមត្ថភាពពេញ៩០នាទី។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

សូមជម្រាបថា ក្លិបក្រសួងការពារជាតិ នឹងបើកទ្វារកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ទទួលភ្ញៀវ ក្លិបបាល់ទាត់ខេត្តកំពង់ចាម នៅល្ងាចនេះ វេលាម៉ោង ៦៖០០ នាទី។

ចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ដោយការចូលរួមទស្សនា គ្រប់ការប្រកួត ក៏ដូចជាការលើកទឹកចិត្តដល់កីឡាករ៕

ដោយ៖ស្រ៊ីប ឡានី