• Cambodia Peace Channel

ស្មើជាមួយ ហុងកុង យប់មិញ គ្រូបង្វឹកគោព្រៃកម្ពុជាថា ជាការចាប់ផ្តើមតែប៉ុណ្ណោះ !

ភ្នំពេញ៖ការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិកម្ពុជា និងហុងកុង នៅកីឡដ្ឋានជាតិអូឡាំពិក យប់មិញនេះ ពិតជាការប្រកួតដ៏ស្វិតស្វាញបំផុត ដោយបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង១។ លទ្ធផលនេះធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ ដោយឃើញកម្ពុជាបង្ហាញទម្រងលេងយ៉ាងល្អ ហើយកីឡាករលេងជាក្រុម និងឆន្ទៈពិតប្រាកដជូនជាតិ។

ចំណាប់អារម្មណ៍ក្រោយចប់ការប្រកួត គ្រូបង្វឹកគោព្រៃកម្ពុជា លោក FELIX G. DALMAS លើកឡើងថា “យើងបានធ្វើការជាមួយកីឡាករមួយឆ្នាំហើយ ប៉ុន្តែវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយនេះត្រឹមតែជាមូលដ្ឋានគ្រឹះដែលយើងចង់លេង។ ប្រជាជនទាំងអស់គួរតែរីករាយ និងមានមោទនភាពនូវអ្វីដែលកីឡាករបានប្រឹងប្រែងលេងលើទីលាន ដោយភាពក្លាហាន និងឆន្ទៈក្នុងការប្រយុទ្ធ” ។

ដោយឡែកគ្រូបង្វឹកហុងកុង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតថា “កម្ពុជា គឺជាក្រុមដែលមានកីឡាករមានល្បឿនលឿនច្រើន ដែលបង្កឲ្យមានបញ្ហាច្រើនដល់ក្រុមរបស់យើង។ កម្ពុជា ជាក្រុមដែលមានការអភិវឌ្ឍលឿនជាងអ្វីដែលខ្ញុំបានគិត ទើបធ្វើឲ្យការប្រកួតនេះមានភាពទាក់ទាញ”។

សូមជម្រាបថា ក្រោយចប់បេសកកម្ម ជាមួយហុងកុង យប់មិញ កម្ពុជានឹងត្រូវបើកទ្វាកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិប៉ារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ៦៖៣០នាទីយប់ផងដែរ៕