• Cambodia Peace Channel

លោក ហៅ សុជាតិ ចាត់ទុកការប្រកួតនេះ ជាការប្រកួតដ៏តានតឹង ខណៈស្វាយរៀងថា មិនមានសម្ពាធទេសម្រាប់ការប្រកួត

ភ្នំពេញ៖មុនការផ្តើមប្រកួតនាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា នេះ រវាងក្លិបបាល់ទាត់ បឹងកេតអែហ្វស៊ី និងក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្នាក់ជាតិ វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន វេលាម៉ោង ៦៖០០នាទីល្ងាចនេះ។

លោក ហៅ សុជាតិ ចាត់ទុកការប្រកួតនេះជាប្រកួតដ៏តានតឹងខ្លាំង ហើយក៏បន់ឲ្យមកដល់ឆាប់ៗដែរ ព្រោះជាលើកទីមួយដែលបឹងកេតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ថ្នាក់ជាតិតាំងពីកកើតក្លិបមក។

ដោយឡែក ខ្សែការពារ សេត រ៉ូស៊ីប ក៏បានលើកឡើងប្រហាក់ប្រហែលនឹងលោក ហៅ សុជាតិ ដោយប្រាប់ CPC NEWS កាលថ្ងៃទី៥ ខែវិច្ឆិកា ថា “ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប្រកួតដ៏តានតឹងនេះ ទាំងកម្លាំងកាយនឹងកម្លាំងចិត្ត និងរង់ចាំតែថ្ងៃប្រកួតមកដល់”។

ជាមួយគ្នានេះ គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Conor Nestor លើកឡើងថា ទោះមិនមានកីឡាករបរទេស បឹងកេតនៅតែមានរបៀបលេងដដែល ព្រោះកូនក្រុមក្នុងស្រុកសុទ្ធតែមានគុណភាព ហើយភាគច្រើនជាអ្នករួមចំណែកឈ្នះ MCL ពីរលើកចុងក្រោយ។ លោកថា បឹងកេតនឹងប្រឹងខ្លាំង ព្រោះពួកគេមិនធ្លាប់ឈ្នះពានពីមុន។ សម្រាប់ក្រុមលោកវិញ ទោះធ្លាប់លើកពាន៤លើករួចហើយ តែក៏ចង់បន្ថែមជ័យជម្នះទៀតដែរ។

គ្រូបង្វឹកជនជាតិអៀរឡង់សង្កត់ធ្ងន់ថា មិនមានសម្ពាធទេសម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនេះ តែថា ជាទំនួលខុសត្រូវដ៏ធំសម្រាប់លោក។ នេះបើតាមការចុះផ្សាយរបស់ CNCC នាថ្ងៃទី ៦ ខែវិច្ឆិកា នេះ។

ជាមួយគ្នានេះដែរ ខ្សែការពាររបស់ បឹងកេត និងជាសមាជិកក្រុមជម្រើសជាតិកម្ពុជា ក៏អំពាវនាវដល់អ្នកគាំទ្រទាំងអស់ សូមចូលរួមលើកទឹកចិត្តដល់ក្រុមទាំងពីរ ព្រោះនេះបង្ហាញពីភាពរីកចម្រើនវិស័យកីឡាបាល់ទាត់កម្ពុជា ពិសេសកីឡាករក្លិប ជាចំណែកនៃការអភិវឌ្ឍជម្រើសជាតិកម្ពុជាផងដែរ៕