• Cambodia Peace Channel

អាមេនី និងអាស៊ែបៃហ្សង់ នៅតែបន្តប្រយុទ្ធគ្នាទាំងយប់ទាំងថ្ងៃ

ការ៉ាបាក់៖ចាប់តាំងពីយប់​ថ្ងៃសុក្រ រហូតដល់ព្រឹកថ្ងៃពុធនេះ សម្លេងផ្ទុះគ្រាប់កាំភ្លើងធំ បានលាន់ឮកាន់តែខ្លាំងឡើង មិនដាច់សូរ នៅទីក្រុងស្តេប៉ាណាកែត ដែលជាទីក្រុងធំរបស់តំបន់ណាហ្កូនីការ៉ាបាក់។ អ្នកយកព័ត៌មានបារាំងប្រចាំនៅទីនោះ បានអះអាងថា សម្លេងស៊ីរ៉ែនបានបន្លឺឡើង ជាប់ឥតដាច់ ដើម្បី​ប្រកាសឲ្យ​ប្រជាជនរកកន្លែងមានសុវត្ថិភាព ក្នុងទីក្រុងដែលគ្មានភ្លើងអគ្គីសនី។ ប្រជាជនដែលរស់នៅក្នុងទីក្រុងនេះ បានប្រមូលគ្នា ចុះទៅក្នុងរូងក្រោមដី និងស្ថិតនៅក្រោមអាគារ។ អ្នកខ្លះទៀត បានប្រថុយជីវិត រត់ភៀសខ្លួន ឆ្លងចូលទីខាងទឹកដី​អាមេនី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៧ ខែតុលា។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេនី បាន​ចោទថា កងទ័ព​អាស៊ែបៃហ្សង់ បាន​បាញ់គ្រាប់រូកែត និងកាំភ្លើងធំ សំដៅមកលើទីតាំង ដែលមានប្រជាជនស៊ីវីលរស់នៅ។ ចំណែកខាងអាស៊ែបៃហ្សង់វិញ បាន​ចោទទៅខាងអាមេនី ថាបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ សំដៅមកលើទីក្រុង ហ្កាន់ចា ដែលជាទីក្រុងធំទី២ របស់​​អាស៊ែបៃហ្សង់។ ជាការចោទប្រកាន់ ដែល​កងទ័ពអាមេនីបានបដិសេធ។​

ក៏ប៉ុន្តែ ប្រធានធិបតី​នៃតំបន់ផ្តាច់ខ្លួនការ៉ាបាក់​ បាន​លើកឡើងថា ក្រុមខ្លួនបាន​បាញ់ផ្លោងគ្រាប់ កំទេចមូលដ្ឋានទ័ពរបស់អាស៊ែបៃហ្សង់។ អ្នកនាំពាក្យរដ្ឋាភិបាលផ្តាច់ខ្លួនការ៉ាបាក់ បានអះអាងថា ក្រុមខ្លួនបាន​កំទេច ​ព្រលានយន្តហោះរបស់ទ័ព​អាកាស​អាស៊ែបៃហ្សង់។ ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រយុទ្ធគ្នាបានកើនកំដៅកាន់តែខ្លាំង ខណៈម្ខាងៗ​សុទ្ធតែបានអះអាងថា បានរំកិលខិតទៅមុខ និងបានសម្លាប់ទាហានសត្រូវ បានរាប់ពាន់នាក់។ យោងតាមតួលេខផ្លូវការ មានមនុស្សស្លាប់ ប្រមាណ២៤៥នាក់ ក្នុង​២០៩នាក់ជាទាហានផ្តាច់ខ្លួនការ៉ាបាក់ ១៤ជាប្រជាជនតំបន់ការ៉ាបាក់ និង​២២នាក់ជាប្រជាជនអាស៊ែបៃហ្សង់។

លោក Ilam Aliev ប្រធានាធិបតី​អាស៊ែបៃហ្សង់ បានអះអាងថាសង្រ្គាមនេះនឹងបិទបញ្ចប់ បើសិនជា​អាមេនី សុខចិត្តដកទ័ពចេញពីតំបន់ការ៉ាបាក់។ ចំណែក លោក​Nikol Pachinian​នាយករដ្ឋមន្ត្រី​អាមេនី​​វិញ បានអំពាវនាវ ឲ្យ​យុវជនស្ម័គ្រចូលប្រយុទ្ធ ព្រោះ​កាលៈទេសៈពេលនេះ មានសារៈសំខាន់បំផុត សម្រាប់ប្រវត្តិសាស្ត្រអាមេនី។

គួរកត់សំគាល់ថា សង្រ្គាមរវាង​អតីតប្រទេសសហភាពសូវៀតទាំង២នេះ បានបង្កឲ្យ​មានការព្រួយបារម្ភជាខ្លាំង ដោយខ្លាចក្រែងវាឆេះក្លាយ​ជាវិបត្តិតំបន់ ក្នុងករណីដែលមានកម្លាំងបរទេសចូលលូកដៃ ជាក់ស្តែងគឺ អ៊ីរ៉ង់ និងរុស្ស៊ី។ ការអំពាវនាវឲ្យទំលាក់អាវុធ ដើម្បីចរចាគ្នា របស់ក្រុមប្រឹក្សាសន្តិសុខ ដូចជាគ្មាននរណា​ម្នាក់ស្តាប់​ទាល់​តែ​សោះ៕