• Cambodia Peace Channel

ក្រុមហ៊ុន Facebook និង Twitter លុបការបង្ហោះសាររបស់លោក ត្រាំ ជាថ្មីក្រោមហេតុផលប្រឆាំងព័ត៌មានមិនពិត

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Facebook និង Twitter បានចាត់វិធានការលើការបង្ហោះសាររបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញ ក្រោមហេតុផលប្រឆាំងព័ត៌មានមិនពិតជុំវិញបញ្ហាជំងឺកូវីដ១៩។

បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA បើទោះលោក ត្រាំ កំពុងតែឆ្លងជំងឺកូវីដ១៩ក្តី លោកនៅតែផ្ញើរសារអំពាវនាវកុំឲ្យពលរដ្ឋអាមេរិកភ័យខ្លាចហួសហេតុចំពោះជំងឺនេះ ខណៈដែលអាមេរិកជាប្រទេសមានអ្នកស្លាប់ និងឆ្លងច្រើនជាងគេនៅលើពិភពលោក។

ទិន្នន័យពីឧបករណ៍វាស់ស្ទង់ទិន្នន័យរបស់ក្រុមហ៊ុន CrowdTangle បានបង្ហាញថា មុនពេលលុបសាររបស់ប្រធានាធិបតីអាមេរិក Facebook បានចុះផ្សាយនិងចែកចាយបន្តបាន ២៦.០០០ ដងទៅហើយ។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Facebook បានប្រាប់រ៉យទ័រថា “ យើងដកចេញនូវព័ត៌មានមិនត្រឹមត្រូវអំពីភាពធ្ងន់ធ្ងរនៃវីរុសកូវីដ១៩” ។

ដោយឡែក Twitter វិញបានបិទការបញ្ជូនសារស្រដៀងគ្នារបស់លោក Trump ដោយបានបន្ថែមស្លាកព្រមានដែលនិយាយថាបានរំលោភលើច្បាប់របស់ Twitter ស្តីពីការផ្សព្វផ្សាយព័ត៌មានដែលអាចបំភាន់ ទាក់ទងទៅនឹងកូវីដ១៩។

សូមជម្រាបថា កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Facebook ក៏បានលុបសាររបស់លោកត្រាំ ម្តងហើយបន្ទាប់ពីលោកត្រាំបានបង្ហោះសារថាកុមារស្ទើតែមានភាពស៊ាំមជាមួយជំងឺកូវីដ១៩៕