• Cambodia Peace Channel

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ របាយការណ៍ចោទប្រកាន់ដោយលម្អៀង និងគ្មានមូលដ្ឋានរបស់អង្គការស្ថាប័នមួយចំនួន មិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែងនៅកម្ពុជានោះទេ

ភ្នំពេញ៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងការហួសចិត្តនូវរបាយការណ៍ចោទ​ប្រកាន់ដោយលម្អៀង និងគ្មានមូលដ្ឋានច្បាស់លាស់ ពីសំណាក់ក្រុម និងអង្គការ ស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយការរបាយការណ៍ និងការសន្និដ្ឋាននានាជុំវិញការគោរពសិទ្ធិមនុស្សនៅកម្ពុជា ខណៈកម្ពុជាមានឆន្ទៈខ្ពស់ និងការការពារសិទ្ធិមនុស្សបានយ៉ាងល្អ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញសេចក្តីជូនព័ត៌មានមួយ ស្តីពី “បច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ក្នុងការលើកស្ទួយប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា” នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះថា “ របាយការណ៍ការចោទ​ប្រកាន់ដោយលម្អៀង និងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការ ស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ”

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្តថា របាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិតដែលនាំអោយកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាព និងនីតិច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំអោយមានការទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ ។  

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់ថា ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ក្នុងការការពារ ដូចជាសកម្មភាពអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង ពួកគេតែងតែធ្វើការស​ន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនធ្វើការពិចារណាទៅទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុជាធាតុផ្សំនាំឲ្យកើតជាបទល្មើស នាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ៕