• Cambodia Peace Channel

ប្រជាពលរដ្ឋរស់នៅភូមិ១៧មេសា ស្រុកកោះធំ ត្អូញត្អែរបញ្ហាផ្លូវពិបាកធ្វើដំណើរ ខណៈអាជ្ញាធរមូលដ្ឋានធ្លាប់ចុះពិនិត្យដែរ ប៉ុន្តែហាក់ស្ងាត់ជ្រាបទៅវិញ

កោះធំ៖ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងភូមិទួលសង្កែ ហៅភូមិ១៧មេសា ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មានការត្អូញត្អែរជាខ្លាំង ចំពោះបញ្ហាផ្លូវធ្វើដំណើរពីថ្នល់ជាតិ ចូលទៅក្នុងភូមិ១៧មេសា ដោយមានការលំបាក ពិសេសសិស្សានុសិស្សធ្វើដំណើរទៅរៀន ខណៈដែលអាជ្ញាធរមូលដ្ឋានធ្លាប់ចុះត្រួតពិនិត្យជាច្រើនដងផងដែរ ប៉ុន្តែហាក់ស្ងាត់ជ្រាប ទៅវិញ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ១៧មេសា បានអោយ CPC NEWS ដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ ថា «ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ មានការពិបាកជាខ្លាំងក្នុងការធ្វើដំណើរទៅណា មកណា ពិសេសសិស្សានុសិស្សមានការលំបាកធ្វើដំណើរ ពេលទៅសាលារៀន ភាពខ្លះមានភាពយឺតយ៉ៅ ដោយសារពិបាកក្នុងការធ្វើដំណើរ»

ប្រជាពលរដ្ឋដដែលបន្តថា កន្លងមក ធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋាន រួមមានខាងអភិបាលស្រុកកោះធំ មកពិនិត្យផ្លូវនេះជាច្រើនផងដែរ ប៉ុន្តែមកដល់ពេលនេះ ហាក់មានភាពស្ងាត់ឈឹង ទៅវិញ ដោយពុំមានការស្ថាបនា អ្វីឡើយ ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជួយពិនិត្យលើផ្លូវនេះផង ដើម្បីអោយពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរផង។

ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនេះដែរ លោក ហ៊ឹង ហ៊ាង មេឃុំកំពង់កុង បានអោយ CPC NEWS ដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះថា «ផ្លូវទំនប់ភូមិ១៧មេសា នេះ ស្ថិតក្នុងគម្រោងសិក្សាដល់ដំណាក់កាលចុងក្រោយទៅហើយ រហូតដល់សិក្សាលម្អិតពីផលប៉ះពាល់ និង សំណងផ្សេងៗទៀតផង»។ លោកសង្កត់ធ្ងន់ថា នៅតែថ្ងៃចុះបើកការដ្ឋាន ប៉ុណ្ណោះ ។

ដោយឡែកសម្រាប់គម្រោងបើកការដ្ឋាននៅពេលណានោះ លោក ហ៊ឹង ហ៊ាង មេឃុំកំពង់កុង លើកឡើងថា មិនទាន់ដឹងនៅឡើយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា សម្រាប់គម្រោងនេះ គេបានសិក្សាយ៉ាងជាក់លាក់អស់ហើយ នៅតែថ្ងៃចុះបើកការដ្ឋានទេ ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ សំណូមពរយ៉ាងទទួចដល់អាជ្ញាធរមូលដ្ឋាន សូមជួយពិនិត្យមើលផ្លូវនេះផង ធ្វើយ៉ាងណាសម្រួលអោយមានភាពងាយក្នុងការធ្វើដំណើរ ដោយសារបច្ចុប្បន្ននេះ ពួកគាត់ពិតជាពិបាកធ្វើដំណើរមែនទែន ពិសេសមានភ្លៀងធ្លាក់មកម្តងៗ ៕