• Cambodia Peace Channel

លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា សារភាពកំហុសពាក់ព័ន្ធការទន្ទ្រានកាន់កាប់ដីជាង៥០០ហិកតា នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា បានសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គង ទោះចេតនាក្តី ឬ អចេតនាក្តី ពីថ្នាក់ដឹកនាំ និង ដែលបានធ្វើអោយថ្នាក់ដឹកនាំមានការលំបាកដោយសារខ្លួន ។ ជាមួយគ្នានេះ សមាជិកព្រឹទ្ធសភា រូបនេះ សន្យាថា «ឈប់ពាក់ព័ន្ធជាមួយដីទំហំ៥៣១ ហិកតា នេះទៀតហើយ» ។

នេះបើយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ធសភា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ។

គួររំលឹកថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង មន្ត្រីគ្រាក់ៗមួយចំនួន ត្រូវបានថ្នាក់លើដាក់វិន័យរដ្ឋបាលនិងទណ្ឌកម្ម ករណីបណ្តែតបណ្តោយអោយមានការកាប់ទន្ទ្រានដីព្រៃនៅខេត្តមណ្ឌលគិរី ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយដែលស្និតនឹងក្រសួងមហាផ្ទៃ បង្ហើបប្រាប់ CPC NEWS ។

តាមប្រភពព័ត៌មានដដែល បន្តថា មន្ត្រីគ្រាក់ៗដែលត្រូវបានថ្នាក់លើ អនុវត្តវិន័យរដ្ឋបាលនិងទណ្ឌកម្ម នោះ រួមមាន ៖

ទី១,លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ត្រូវបានថ្នាក់លើដាក់វិន័យនិងអប់រំណែនាំ អោយខិតខំអនុវត្តតួនាទីអោយបានល្អប្រសើរឡើងវិញ ។

ទី២,លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យបញ្ចប់តំណែង និង អោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៣,លោក សុក សេរ៉ា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ត្រូវបានបញ្ចប់តំណែងនិងអោយមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ វិញ ។

ទី៤,លោក សៀក មុន្នី អភិបាលស្រុកអូររាំង ត្រូវបានអនុវត្តវិន័យរដ្ឋបាល ។

ទី៥,លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីអនុវត្តវិន័យ ។

ទី៦,លោកឧត្តមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ៧១៦ និង ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន ត្រូវបានបញ្ជូនទៅក្រសួងការពារជាតិ ដើម្បីអនុវត្តវិន័យកងកម្លាំង ។

ទី៧,លោកស្រី ថ្ចាន់ ត្រែល ចៅសង្កាត់សែនមនោរម្យ ស្រុកអូររាំង ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៨,លោក ប៊ុត សំអែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។

ទី៩,លោក ពឿប ពេ មេឃុំស្រែព្រះ ស្រុកកែវសីមា ត្រូវដាក់វិន័យរដ្ឋបាល ។

ជាមួយគ្នានេះ យោងតាមប្រភពព័ត៌មាន បន្តថា សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​លើ​លទ្ធផល​របស់​ក្រុម​ការងារ​អន្តរក្រសួង​ចំពោះ​ការចុះ​ស្រាវជ្រាវ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌលគិរី រួចហើយ ៕