• Cambodia Peace Channel

CPC-អ្នកគាំទ្រគុនខ្មែរ សម្ដែងការហួសចិត្ត ជុំវិញការកាត់ក្ដីរបស់ចៅក្រម ផ្ដល់ពិន្ទុអោយកីឡាករថៃឈ្នះ ខណៈត្រូវបានគេមើលឃើញថារត់ពេញសង្វៀនទាំង៥ទឹក

ភ្នំពេញ៖មជ្ឈដ្ឋានទូទៅ ជាពិសេសអ្នកស្នេហាគុនខ្មែរ បានសម្ដែងការហួសចិត្ត ជុំវិញការកាត់ក្ដីរបស់ចៅក្រម ដែលបានផ្ដល់ពិន្ទុអោយភាគីថៃឈ្នះ ខណៈត្រូវបានគេមើលឃើញថាការប្រកួតរវាងលី សុខា និង កីឡាករថៃ យុកមរកត រត់ពេញ៥ទឹក កាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ នៅលើសង្វៀនគូបូតា ។

យោងតាមគណីហ្វេសប៊ុក ឥន្ទ្រីតូច គាំទ្រគុនខ្មែរ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា៖

ខ្ញុំបាទសូម សំណូមពរ ដល់លោកពូ នាង ស៊ីវត្ថា ដែលជាប្រធានគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ បាយ័ន សូមលោកពូមេត្តាត្រួតពិនិត្យ និងដុះខាត់ពួកមន្ត្រីចៅក្រមគ្រាប់ល្ពៅចេញផង ខ្ញុំដឹងថាលោកពូក៏មិនចង់អោយមានរឿងនេះកើតឡើងដែរ សង្ឃឹមថាលោកពូនឹងជួយកែសម្រួលផងចុះ កុំអោយពួកនោះបានចិត្តពេក កុំអោយមានរឿងអាស្រូវដោយសារបុគ្គល៣-៤នាក់ធ្វើអោយប៉ះពាល់ប្រយោជន៍សង្គមជាតិយើង”។

ជាមួយគ្នានេះ មានអ្នកគាំទ្រជាច្រើនទៀតបាន បញ្ចេញមតិស្រដៀងគ្នានេះដែរ ជុំវិញការផ្ដល់ពិន្ទុ និងការកាត់ក្ដីរបស់មន្រ្តីចៅក្រម ហាក់មានភាពមិនប្រក្រតី ដែលជាហេតុធ្វើអោយអ្នកគាំទ្រសម្ដែងការមិនពេញចិត្តយ៉ាងច្រើន៕