• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-សកម្មភាព៣ចំណុច ដែលរដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាត ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម

ភ្នំពេញ៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជនអង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖

១- ហាមដាច់ខាត
– មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
– ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។

២- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សា
សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្ដីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជ
ទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើត
ឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត
ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈឡើយ។

៣- ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យ
មានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យ
ដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

៤- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ
ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ
នេះឱ្យមានប្រសិទ្ធភាព។

៥- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម
ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង
បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បី
អនុវត្តឱ្យមានប្រសិទ្ធភាព។
៧- ជនណាដែលនូវតែបំពាន ឬប្រព្រឹត្តល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្ដាប់ធ្នាប់
សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន។