• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្មេងស្រីពិការជើងម្នាក់ធ្លាក់ជាប់ក្នុងជញ្ជាំងផ្ទះ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះអន្តរាគមន៍ទាំងកណ្ដាលរាត្រី

ភ្នំពេញ៖ ក្មេងស្រីវ័យប្រមាណ១៣ឆ្នាំ ធ្លាក់ចូលទៅក្នុងជញ្ជាំងផ្ទះ ជាច្រើនម៉ោងបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះអន្តរាគមន៍ទាំងកណ្ដាលរាត្រី ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលជាអ្នកជួលបន្ទប់ក្បែរ ក្មេងស្រីរងគ្រោះបានឲ្យដឹងថា៖ មុនដំបូង គាត់បានលឺសម្លេងក្មេងស្រីយំ តែគាត់មិនបានចាប់អារម្មណ៍ប៉ុន្មាននោះទេ លុះសម្លេងយំកាន់តែលឺឡើង គាត់ក៏បានដើរទៅក្បែរជញ្ចាំងដើម្បីស្តាប់សម្លេងនោះ ក៏លឺចេញពីក្នុងជញ្ចាំង ទើបទៅមើលអោយអស់ចិត្ត ក៏ស្រាប់តែប្រទះឃើញក្មេងស្រីរងគ្រោះ កំពុងជាប់នៅចន្លោះជញ្ជាំងផ្ទះ២ ដែលមានគម្លាតពីគ្នាប្រមាណជាងមួយចំអាមដៃ ឃើញដូចនេះ គាត់ក៏បានប្រាប់អ្នកភូមិដែលរស់នៅទីតាំងខាងលើ ដើម្បីជួយគ្នាទាញយកក្មេងស្រីរងគ្រោះចេញមកក្រៅ តែមិនអាចជួយបាន ព្រោះចំណុចដែលនាងតូចធ្លាក់ចូលនោះពិបាកសម្រាប់ខ្លួនមនុស្សចូលទៅជួយ។

ដោយឡែក សភាពក្មេងស្រីដែលបានធ្លាក់ចូល គាត់មានពិការភាពស្រាប់ ដោយពិការជើងខាងស្តាំ ពេលដែលអ្នកភូមិអើតមើលនាងនៅមានសង្ឃឹមជួយបាន ព្រមទាំងកំពុងតោងរបងសំណាញ់យ៉ាងជាប់ ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីមន្ត្រីជំនាញផងដែរ បន្ទាប់ពីជាប់ក្នុងជញ្ជាំងរយៈពេល៣ម៉ោង ទើបដំណឹងនេះបានលឺដល់មន្ត្រីជំនាញ និងបានបង្កការភ្ញាក់ផ្អើលដល់អ្នកយកព័ត៌មានចុះមកផ្សព្វផ្សាយព្រោងព្រាត។

ក្រោយទទួលដំណឹងនេះ គេឃើញវត្តមានរបស់មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វត្តមានរបស់កងសង្គ្រោះ៧១១ កម្លាំងអាវុធហត្ថ អធិការខណ្ឌទួលគោក និងអភិបាលខណ្ឌទួលគោក បានចុះមកដល់ទីតាំង និងបានធ្វើអន្តរាគមន៍ដើម្បីសង្គ្រោះក្មេងស្រីខាងលើភ្លាមៗ។

រហូតដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែល ទើបក្មេងស្រីពិការជើងរូបនោះ ត្រូវក្រុមសង្គ្រោះ៧៧១ ធ្វើការវាយជញ្ជាំងតាមជំនាញ និងសង្គ្រោះបានដោយសុវត្ថិភាព និងបញ្ចូនបន្តតាមរថយន្តសាម៉ុយ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាធ្វើការព្យាបាលភ្លាមៗផងដែរ៕