• Cambodia Peace Channel

ជម្រើសជាតិកម្ពុជា បំបាក់ក្រុមប៉ាគីស្ថាន ២៖០ នៃពានរង្វាន់ FIFA World Cup សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ការប្រកួតវគ្គជម្រុះជុំទី១ នៃពានរង្វាន់ FIFA World Cup សម្រាប់ឆ្នាំ២០២២ រវាងជម្រើសជាតិកម្ពុជានិងប៉ាគីស្ថាននៅកីឡដ្ឋានជាតិអូឡាំពិក កាលយប់ ថ្ងៃទី ៦ ខែ មិថុនា ពិតជាស្វិតស្វាញ ក្រោមដំណក់ទឹកភ្លៀងនិងអ្នកទស្សនាផ្ទាល់ប្រមាណជាង ៣ម៉ឺននាក់។

ការប្រកួតកាន់តែស្វិតស្វាញ ក្រោយចប់តង់ទី១ ក្រុមទាំងពីររក្សាលទ្ធផល០ទល់នឹង០។ សម្រាប់កម្ពុជាមានឱកាសក្នុងការស្វែងរកគ្រាប់ច្រើនដែរ ប៉ុន្តែហាក់ធ្វើមិនបានល្អ។ ចូលតង់ទី២ ក្រុមប៉ាគីស្ថាន មានឱកាសរកគ្រាប់បាល់ណាស់ដែរ ប៉ុន្តែនៅតែមិនអាចសម្រេចទីកម្ពុជាបាន។

ការវាយបកគ្នាទៅវិញទៅមករហូតជាង៨០នាទី ក្រុមទាំងតែរក្សាលទ្ធផលដដែល ខណៈនៅនាទីទី៨២ កម្ពុជាមានឱកាសទម្លុះសំណាញ់ទីប៉ាគីស្ថានបានដោយកីឡាករវ័យក្មេង សៀង ចន្ធា ធ្វើឲ្យអ្នកគាំស្រែកហ៊ោសប្បាយរីករាយពេញទីលាន។ ៣នាទីបន្ទាប់ ខ្សែបម្រើប្រយុទ្ធគោចាស់វស្សាកម្ពុជា គួច សុកុម្ភៈរកបាន ១គ្រាប់ទៀត ចប់ការប្រកួតគោព្រៃកម្ពុជា ឈ្នះក្រុមភ្ញៀវប៉ាគីស្ថានក្នុងលទ្ធផល ២ទល់នឹង០។

សូមជម្រាបផងដែរថា ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ FIFA World Cup សម្រាប់ឆ្នាំ២០២២ នៅប្រទេសកាតាជើងទី២ ជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើរទៅលេងនៅទឹកដីកណ្តាលនៃប្រទេសកាតា ដែលប៉ាគីស្ថានជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕

ដោយ៖ស្រ៊ីប ឡានី