• Cambodia Peace Channel

៤ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរណ៍ចិនមកកម្ពុជាមានចំនួនកើនឡើងជិត១០ម៉ឺននាក់

ភ្នំពេញ៖ភ្ញៀវទេសចរណ៍ចិនចំនួន៨៨៧,០៣៩នាក់ បានមកដល់កម្ពុជាក្នុងរយៈពេល៤ខែ ឆ្នាំ២០១៩ នេះ គឺកើនឡើង៣៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ចេញផ្សាយ កាលពីថ្ងៃទី៦ ខែមិថុនា ម្សិលមិញនេះ។

ទិន្នន័យនេះ បានបន្តឱ្យដឹងទៀតថា ប្រទេសចិននៅតែជាប្រភពភ្ញៀវទេសចរណ៍បរទេសធំបំផុតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានចំនួន៣៦,៧ភាគរយ នៃចំនួនភ្ញៀវបរទេសសរុបមកកាន់កម្ពុជាក្នុងអំឡុងខែមករាដល់ខែមេសាក្នុងឆ្នាំ២០១៩នេះ។

របាយការណ៍នេះ បង្ហាញថា ជនបរទេសសរុបចំនួន២,៤១លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាក្នុងរយៈពេល៤ ខែដំបូង ក្នុងឆ្នាំនេះកើនឡើង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ថ្លែងនៅក្នុងព្រឹត្តិការណ៍វប្បធម៌និងទេសចរណ៍កម្ពុជា-ចិននៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មទេសចរណ៍នៅកម្ពុជា។

លោកបាននិយាយថា “យើងសង្ឃឹមថានឹងទាក់ទាញអ្នកទេសចរណ៍ចិនប្រហែល២,៦លាននាក់ក្នុងឆ្នាំ២០១៩ ចំនួន៣លាននាក់នៅឆ្នាំ២០២០ និង៥លាននាក់នៅឆ្នាំ២០២៥ និងរហូតដល់៨លាននាក់នៅឆ្នាំ២០៣០” ។

គួរជម្រាបជូនដែរថា វិស័យទេសចរណ៍គឺជាផ្នែកមួយក្នុងចំណោមវិស័យចំនួន៤ ដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ប្រទេសកម្ពុជាមានភាពល្បីល្បាញ ខាងបេតិកភណ្ឌពិភពលោកទាំង៣ គឺឧទ្យានបុរាណវិទ្យាអង្គរ ប្រាសាទព្រះវិហារនិងតំបន់ប្រាសាទសម្បូរព្រៃគុក។ ក្រៅពីនេះមានឆ្នេរ សមុទ្រដ៏ល្អមួយដែលមានប្រវែង៤៥០គីឡូម៉ែត្រនៅខេត្តចំនួន៤ នៃខេត្តកោះកុង ព្រះសីហនុ កំពត និង កែប៕

ដោយ៖ស្រេន ឡាវី