• Cambodia Peace Channel

បឹងកេត ក្លាយជាម្ចាស់ជើងឯក Hun Sen Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប

ភ្នំពេញ៖ការប្រកួតរវាងក្លិបបាល់ទាត់ បឹងកេត និងក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ថ្នាក់ជាតិ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា វេលាម៉ោង ៦៖០០នាទីល្ងាចមិញនេះ​ បានបញ្ចប់ដោយភាពជោគជ័យ ក្រោមអ្នកទស្សនាផ្ទាល់ជាង ៦ពាន់នាក់។

ការប្រកួតដ៏ជក់ចិត្ត ​តានតឹង​ និង​ស្វិតស្វាញ​មែនទែន​ ក្នុង​នោះ​ពេញ​៩០​នាទី​ក្រុម​ទាំង​ពីរ​រក​បាន​១គ្រាប់​ដូច​គ្នា។ ​ក្រុម​មក​ពី​ខេត្តស្វាយរៀង​ខាង​លើ​បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​បឹងកេត​ ក្រោយខ្សែការពារ សេត រ៉ូស៊ីប របស់បឹងកេត ទទួលកាត់ក្រហមនៅនាទីទី៧០ ហើយក្រុម​ខ្លួន​មាន​គ្នា​រហូត​១១នាក់​។

ការ​ប្រកួត​ឈាន​ដល់​ការ​បន្ថែម​ម៉ោង​១៥​នាទី​២ដង​ ដើម្បី​ស្វែងរក​ក្រុម​ឈ្នះ​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ Hun Sen Cup​ រដូវ​កាល​នេះ​ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​បាន ដោយបឹងកេតព្យាយាមទប់ខ្លាំង និងវាយបកខ្លះ។​ ការប្រកួតរវាងបឹងកេត និង​ព្រះខ័នរាជក៏បន្ត​ដល់​ការ​ទាត់បាល់​កាត់សេចក្ដី១១ម៉ែត្រទើបអាច​រក​ឃើញម្ចាស់ពានរង្វាន់នោះគឺបាន​លើក្រុមបឹងកេត​។​

ការទាត់បាល់ ១១ម៉ែត្រដំបូង ធ្វើឡើងដោយខ្សែប្រយុទ្ធចាស់វស្សា កីឡាករ ឃួនឡា បូរ៉ាវី មិនបានសម្រេច ត្រូវសង្គ្រោះបាល់បានដោយអ្នកចាំទីស្វាយរៀង ធ្វើឲ្យបឹងកេតស្ទើរតែអស់សង្ឃឹមទៅហើយ ​ប៉ុន្តែក្រោយពីខ្សែប្រយុទ្ធ ម៉ាត់ ណូរ៉ុន តាមពីក្រោយស្វាយរៀងវិញ និងស៊ុតជាបន្តបន្ទាប់រវាងក្រុមទាំងពីរ អ្វីដែលអស្ចារ្យនោះ អ្នកចាំទីបឹងកេតអាចជួយសង្គ្រោះបាល់បានពីរលើក និងជាគ្រាប់ជ័យជំនះ​​​ក្នុង​លទ្ធផល​ ៦ ទល់នឹង៥ ក្លាយ​ជា​ម្ចាស់​ពាន​ Hun Sen Cup​ ឆ្នាំ​២០១៩​ នេះ​តែ​ម្ដង។

សូមជម្រាបថា ក្លិបបាល់ទាត់ បឹងកេត បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រក្លិបនេះ និងម្ចាស់ជើងឯកលីគកំពូលកម្ពុជាចំនួនបីសម័យកាល ពោលតាំងពីឆ្នាំ ២០១២, ២០១៦, និង២០១៧៕